បាត់ដំបង៖ ម៉ូតូ១គ្រឿងបើកឡើងជែងរថយន្តដឹកធុនធំ ស្រាប់តែរ៉េទាក់ដៃចង្កូត ដួលចូលក្រោមរថយន្ត កិនស្លាប់ប្តី កូន និងប្រពន្ធរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវហាយវេ វាងក្រុង ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១W-៦២៣៧ មានគ្នា៣នាក់ ធ្វើដំណើរពីលិចទៅកើត លុះដល់កន្លែងកើតហេតុបានឡើងវ៉ាជែងរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងបើកបរយ៉ាងលឿន បានបន្តិចម៉ូតូបានរ៉េទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមរថយន្ត កិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ហើយរថយន្តនឮបានបើកគេចបាត់ស្រមោលសូន្យ។

ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះលិន និន អាយុ២៨ឆ្នាំ ត្រូវជាប្តីស្លាប់ ទី២ ឈ្មោះលិន សុភាព ភេទស្រី អាយុ៣១ឆ្នាំ ជាប្រពន្ធរបួសធ្ងន់ និងទី៣ឈ្មោះសួន បូរក្សា អាយុ ២ឆ្នាំ ត្រូវជាកូន របួសធ្ងន់ អ្នកទាំង៣នាក់រស់នៅភូមិតាស្តី ឃុំតាស្តី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបានតម្កល់ទុកសាកសពជនរងគ្រោះ រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបន្តស្រាវជ្រាវរកភាគីខាងរថយន្តមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.