កំពង់ស្ពឺ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ ស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តកុងតឺន័រ បើកបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយរថយន្តទ្រុងដឹកនំ នៅទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះស្លាប់កៀបជាប់ក្នុងរថយន្តមានឈ្មោះ ភឿន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាំងឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1735 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ 4A-0041 បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយរថយន្តដឹកនំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-2267 បណ្តាលឱ្យអ្នកបើករថយន្តកុងតឺន័រកៀបស្លាប់ក្នុងកាប៊ីន ​ឃើញសភាពមិនស្រួលអ្នកបើកបររថយន្តដឹងនំបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.