បន្ទាយមានជ័យ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ធ្វើឲ្យរលំបាក់កញ្ចុះជិត១០ខ្នង ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅ រម្មណីយ៍ដ្ឋាន អាងអម្រិតអូរខៃដន កាលពីវេលាម៉ោង ៥ៈ៣០នាទី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ក្រុមអាជីវករលក់ដូរនៅរម្មណីយ៍ដ្ឋានអាងអម្រិតអូរខៃដន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺមានភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់កញ្ចុះចំនួន៨ខ្នង ដួលរំលំអណ្តែតលើទឹក បាក់ស្ពានឆ្លង ព្រមទាំងកញ្ចុះខ្លះត្រូវប៉ើងដំបូលស្បូវ ធ្វើឲ្យផ្អើលភ្ញៀវរត់ជាន់ជើងតែម្តង។

អាជីវករបានបន្តទៀតថា ខណៈមេឃកំពុងភ្លៀង និងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងនោះ ក៏មានភ្ញៀវដែលកំពុងអង្គុយហូបចុកបានចេញពីកញ្ចុះបណ្តែតទឹក មកជ្រកនូវកញ្ចុះដែកនៅជាប់មាត់ជ្រាំងវិញ ហើយអាជីវករមួយចំនួនត្រូវជញ្ជូនអីវ៉ាន់ បណ្តែតតាមទឹកមកដាក់លើគោកផងដែរ។

​ក្នុងហេតុការខាងលើ មិនបណ្តាលឲ្យអាជីវករ ឬភ្ញៀវដែលមកលេងរងរបួសនោះទេ គឺគ្រាន់តែបាក់កញ្ចុះជិត១០ ខ្នង ស្លាកយីហោហាងមួយចំនួនត្រូវបានដួល និងខូចខាតសម្ភារៈមួយចំនួន៕

អត្ថបទ៖ប៉ោយប៉ែត

Share.