ថៃ – នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​តារា​សម្ដែង​ជើង​ចាស់​របស់​ថៃ​លោក​ តេ ថាត់តៈផុង បាន​លើក​ឡើង​ថា​ផ្លែ​ទុរេន​គឺជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​លោក​ក្នុង​ការ​ដោះ​បំណុល​ជិត​៣០​ម៉ឺន​ដុល្លារ​។

តារា​សម្ដែង​ដែល​ដាក់​ក្ដី​សង្ឃឹម​លើ​ផ្លែ​ទុរេន​រូប​នេះ​ទើប​តែ​បើក​ហាង​ «​អង្គុយញ៉ាំទុរេន» ដែល​ជា​ហាង​មួយ​​លក់​ទុរេន​បក​រួចរាល់​លក់​ជាក្លែបៗ (​​មួយ​ដុំ​ៗ)​ ក៏​ដូច​ជា​បង្អែម​ទុរេន​ ​និង​លត​ទុរេន​។ តារា​​​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​មុខ​ជំនួញ​​ទាក់​ទង​នឹង​អាហារ​របស់​លោក​ទាំង​១១​កន្លែង​ត្រូវ​ក្ស័យ​ធុនអស់​ដោយ​សារ​តែ​បញ្ហាជំងឺ​កូវីដ​នា​ពេល​កន្លង​មក​។

ធុរកិច្ច​ដួល​រលំ​រហូត​ធ្វើ​ឱ្យ​លោក​ជំពាក់​បំណុល​ដល់​ថ្នាក់​ម្ចាស់​បំណុល​រឹបអូស​ផ្ទះអស់​២​ខ្នង​ ចំណែក​​ឯ​ការងារ​សម្ដែង​២​ឆ្នាំ​កន្លង​មក​នេះ​ក៏​មិន​សូវ​សំបូរ​ ដោយ​២​ឆ្នាំ​ សម្ដែង​បាន​ត្រឹម​តែ​២​រឿង​ប៉ុណ្ណោះ​។

ទោះ​ជា​ជីវិត​ជួប​បញ្ហា​ប៉ុន្តែ​តារា​រូប​នេះ​មិន​ព្រម​ចុះ​ចាញ់​ឡើយ​ លោក​បាន​ប្រឹង​ក្រោក​ឈរ​ម្ដង​ទៀត​ ដោយ​ចាប់​យក​អាជីព​លក់​ទុរេន ដែល​ជា​ប្រភេទ​ផ្លែឈើ​ចាត់​ចូល​ថា​ស្ដេច​ផ្លែ​ឈើ «King of fruits» មកលក់​ដោយ​ប្រើ​យុទ្ធ​សាស្ត្រ​អ្នក​ទិញ​អាច​ឈរ​ញ៉ាំ​ឬ​អង្គុយ​ញ៉ាំ​ក្នុង​ហាង​បាន​។

យ៉ាង​ណា​មិញ​តារា​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា​ដោយ​សារ​តែ​ធុរកិច្ច​ថ្មី​នេះ​ទើប​តែ​ចាប់​ផ្ដើម​ដូច្នេះ​ហើយ​លោក​នៅ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា​ លទ្ធផល​នឹង​ជោគជ័យ​ឬ​ក៏​បរាជ័យ​នោះ​ទេ​ គឺ​មាន​តែ​ត្រូវ​រង់​ចាំ​មើល​មួយ​រយៈ​ទៀត​ថា​នឹង​ទទួល​បាន​លទ្ធផល​បែបណា​?

  • សម្រាប់​មនុស្ស​៤​ប្រភេទ​ដែល​មិន​គួរ​ទទួល​ទាន​ទុរេន​ជា​ដាច់​ខាត​នោះ​គឺ​មនុស្ស​​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​ ជំងឺ​បេះដូង ជំងឺ​លើសឈាម​ ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​តម្រង​នោម៕
Share.