ឆ្លងកាត់ការប្រកួតក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២១ កន្លងមកនេះ កញ្ញា កែវ សេងលីហួរ ទទួលបានតំណែងជ័យលាភីលំដាប់រងទី៣ នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា២០២១។ ថ្មីៗនេះសារព័ត៌មានបានទទួលដំណឹងយ៉ាងច្បាស់ការថា កញ្ញា កែវ សេងលីហួរ នឹងចេញទៅមកុដនៅប្រទេស នីហ្សេរីយ៉ា ក្នុងនាមជា Miss InterGlobal Cambodia 2022 តំណាងឱ្យកម្ពុជា។

កញ្ញា កែវ សេងលីហួរ បានប្រាប់អ្នកសារព័ត៌មានត្រយងថា កញ្ញាពិតជាត្រៀមលក្ខណៈជាស្រេចក្នុងការចេញទៅប្រកួតកម្មវិធី Miss InterGlobal 2022 នៅប្រទេស នីហ្សេរីយ៉ា ចុងខែ កញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ កញ្ញាមានការតាំងចិត្តខ្ពស់ក្នុងការប្រកួត នឹងនាំយកបទពិសោធន៍ពីការប្រឡងដែលមានកន្លងៗមក ដើម្បីដណ្ដើមយកជ័យជម្នះត្រឡប់ប្រទេសវិញឱ្យទាល់តែបាន។

គេនៅចាំបានថា កញ្ញា កែវ សេងលីហួរ ធ្លាប់ជាបវរ​កញ្ញា​ផែន​ដី​កម្ពុជា ២០១៨ និងធ្លាប់បានទៅចូលរួម​ប្រកួត​កញ្ញា​ឯក​ផែន​ដី​លើក​ទី​១៨ នៅ​ប្រទេស​ហ្វីលីពីន ក្នុងការដណ្តើមមកុដ​ត្បូង​ទទឹម តម្លៃ៩៥​ម៉ឺន​ដុល្លារ ​ជាមួយ​ស្រីស្អាត​ជាច្រើន​រូប​ទៀត​មក​ពី​ជុំវិញ​ពិភព​លោក។ តាមរយៈការចេញទៅប្រកួតនាពេលនេះ បវកញ្ញារូបនេះបានហ្វឹកហាត់ខ្លួនសិក្សារអំពីរបាំបុរាណខ្មែរ ចំណេះដឹង​ពី​វប្បធម៌​ អរិយធម៌​ ប្រពៃណី ក៏​ដូច​ជា​ តថភាព​នៃសង្គម​ខ្មែរ​ដើម្បី​ដើរ​ឱ្យ​ទាន់​សម័យកាល​នា​ពេល​បច្ចុប្បន្ន ទុកជាទុនក្នុងខ្លួនមុនឡើងជ្រុញឆ្លើយសំណួរ។

ដោយឡែក ការចេញទៅប្រទេស នីហ្សេរីយ៉ា លើកនេះ ហ្វេនរំពឹងថា កញ្ញា កែវ សេងលីហួរ នឹងធ្វើបានល្អខ្លាំងជាងកាលពីលើកមុនៗ ព្រោះភាពជឿជាក់ ក្លាហ៊ានរបស់កញ្ញា ថានឹងនាំជោគជ័យមកកម្ពុជាវិញជាក់ជាមិនខាន៕

Share.