អ៊ីតាលី – ក្រុម​ចម្រៀង​អូប៉េរ៉ា Kalush ដែល​ជា​ក្រុមរបស់​ជនជាតិ​អ៊ុយក្រែន​បាន​យក​ជ័យ​ជំនះ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Eurovision 2022 ទម្លាក់​ក្រុម​ចម្រៀង​អង់គ្លេស​ឱ្យ​ឈរ​ត្រឹម​លំដាប់​លេខ​២។

យោង​តាម​សារព័ត៌មាន​អង់គ្លេស​ The Guardian បាន​ឱ្យ​ដឹង​ថា​ក្រុម​មក​ពី​អ៊ុយ​ក្រែន​ខាង​លើ​បាន​ប្រើ​ប្រាស់​​បទ​ចម្រៀង​ «Stefania» នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ហើយ​ទទួល​បាន​ពិន្ទុ​សរុប​ចំនួន​ ​៦៣១​​ ពី​គណៈ​កម្មការ​និង​អ្នក​ទស្សនា​។ ពិន្ទុ​របស់​ក្រុម​នេះ​បាន​នាំ​មុខ​ក្រុម​ចម្រៀង​លេខ​២ (Runner-Up) Sam Ryder មក​ពី​ប្រទេស​អង់គ្លេស​ ដែល​មាន​ពិន្ទុ​សរុប​ចំនួន​៤៦៦​។

នៅ​ក្នុង​រាត្រី​នៃ​ការ​ប្រួត​នោះ​ក្រុម​​ចម្រៀង​អូប៉េរ៉ា Kalush បាន​ច្រៀង​ចម្រៀង​ភាសា​អ៊ុយក្រែន​​នៅ​ចំពោះ​មុខ​មនុស្ស​ចំនួន​៧៥០០​នាក់​។

បទ​ចម្រៀង​នេះ​បរិយាយ​ពី​ក្ដី​ស្រលាញ់​របស់​កូន​ដែល​មាន​ចំពោះ​ម្ដាយ​ ដោយ​ក្នុង​នោះ​មាន​ឃ្លា​រៀបរាប់​ថា​៖ «ផ្កា​រីកយ៉ាង​ស្អាត​នៅ​ក្នុង​សួន​ ចំណែក​ឯ​សក់​អ្នក​ម្ដាយ​ចាប់​ផ្ដើម​ក្លាយ​ជា​ស្កូវ​។ ម៉ាក់​ តោះ​ច្រៀង​ចម្រៀង​ ខ្ញុំ​ចង់​ឮ​ម៉ាក់​ច្រៀង​ចម្រៀង​ដោយ​ភាសា​កំណើត​…ខ្ញុំ​រីករាយ​ដើរ​លេង​ជា​មួយ​ម៉ាក់​នៅ​លើ​ផ្លូវ​ចាស់​នៅ​ក្នុង​ភូមិ​ ទោះ​ជា​មាន​ព្យុះ​ភ្លៀង​ ឱ្យ​តែ​បាន​នៅ​ក្បែរ​ម៉ាក់​ ខ្ញុំ​តែងតែ​គេង​លក់​ស្រួល​ជា​និច្ច​…»

ក្រុម​ចម្រៀង​ Kalush Orchestra មាន​ឈ្មោះ​ដើម​ Kalush បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៩ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​ ៦​នាក់​។ ការ​ឈ្នះ​របស់​ក្រុម​ Kalush Orchestra គឺជា​ក្រុម​មក​ពី​អ៊ុយក្រែន​ទីបី​ហើយ​ដែល​បាន​យក​ឈ្នះពាន​រង្វាន់​ Eurovision។ ក្រុម​ចម្រៀង​មក​ពី​​អ៊ុយក្រែន​ ​បាន​​ឈ្នះ​​ពាន​រង្វាន់​ចំនួន​២​មុន​នេះ​គឺ​នៅ​ឆ្នាំ​ ២០០៤ ម្ដង​ និង​នៅ​ឆ្នាំ​២០១៦ ម្ដង​។

ពាន​រង្វាន់​ Eurovision ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដំបូង​ដោយ​ EBU (European Broadcasting Union កាល​ពី​ឆ្នាំ​១៩៥៦​ គឺជា​ការ​កម្មវិធី​ប្រកួត​តន្ត្រី​ដ៏​ធំ​មួយ​របស់​ពិភពលោក​។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​អាច​បោះ​ឆ្នោត​ក្រុម​ចម្រៀង​​ដែល​ខ្លួន​ពេញ​ចិត្ត​តាម​រយៈ​ទូរសព្ទ តាម​រយៈ​សារ​ ឬ​តាម​រយៈ​ប្រព័ន្ធ​អ៊ិនធឺណិត​។ បើ​យោង​តាម​ច្បាប់​ប្រកួត​ Eurovision ប្រទេស​ដែល​ឈ្នះ​ពាន​រង្វាន់​នឹង​ត្រូវ​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​នៅ​ឆ្នាំ​បន្ទាប់​៕

ប្រភព៖ The Guardian

Share.