សីតុណ្ហភាពអតិបរិមានៅរដ្ឋធានី Delhi របស់ប្រទេសឥណ្ឌា បានឡើងដល់ ៤៩អង្សាសេ នាថ្ងៃទី ១៥ ខែ ឧសភា ខណៈរលកកំដៅដ៏ខ្លាំងបានធ្វើឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពអតិបរិមានៅក្នុងតំបន់ចំនួន ២ ក្នុងទីក្រុងបានឡើងខ្ពស់បំផុត ដោយនៅ Mungeshpur ភាគពាយព្យ បានឡើងដល់ ៤៩,២អង្សាសេ ចំណែក Najafgarh ភាគខាងលិច បានឡើងដល់ ៤៩,១អង្សាសេ។

ខណៈសីតុណ្ហភាពអតិបរិមានៅតំបន់ផ្សេងៗនៃទីក្រុងមានសីតុណ្ហភាពចាប់ពី ៤៥ ទៅ ៤៧អង្សាសេ។ ដោយនៅពេលល្ងាចសីតុណ្ហភាពអប្បបរមាគឺ ២៥អង្សាសេ។

ស្ថានភាពគឺដូចគ្នានៅក្នុងរដ្ឋដែលនៅជាប់គ្នា ដោយទីក្រុងជិតខាង Gurgaon នៃរដ្ឋ Haryana បានជួបប្រទះសីតុណ្ហភាព ៤៨,១អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៦៦ មក នៅពេលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាព ៤៩អង្សាសេ។

សីតុណ្ហភាពជាអតិបរមាក្នុងខែមេសា សម្រាប់ភាគពាយព្យ និង ភាគកណ្ដាល ប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២២ឆ្នាំ។ ប្រទេសនេះក៏បានជួបប្រទះខែ មីនា ដែលក្ដៅបំផុតក្នុងរយៈពេល ១២២ឆ្នាំផងដែរ ចាប់តាំងពីនាយកដ្ឋានឧតុនិយមឥណ្ឌាបានចាប់ផ្ដើមធ្វើការកត់ត្រាមក៕

ប្រភព៖ Wion

Share.