លោកស្រី Elisabeth Borne ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ធ្វើឱ្យលោកស្រីក្លាយជាស្រ្តីបារាំង ដំបូងគេបំផុតដែលបានកាន់តំណែងមួយនេះ ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។

លោកស្រីក្លាយជានាយរដ្ឋមន្រ្តីស្រីទី2 ជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់បារាំង បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីស្រី្ដដំបូងរបស់បារាំងគឺ លោកស្រី Edith Cresson ធ្លាប់កាន់តំណែងនេះក្នុងឆ្នាំ ឆ្នាំ១៩៩១ ដល់ខែមេសា ឆ្នាំ១៩៩២ នៅក្រោមរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតី Francois Mitterand។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោកស្រី Elisabeth Borne ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Jean Castex សម្រេចចិត្តដាក់ពាក្យលាលែងចេញពីតំណែង នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ពោលគឺការតែងតាំងថ្មី កើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗប៉ុណ្ណោះ បន្ទាប់ពីលោក Macron ជាប់ឆ្នោតក្នុងអាណត្តិទី២ កាលពីខែមេសា។

លោកស្រីនាយករដ្ឋមន្រ្តីថ្មីបានថ្លែងសុន្ទរកថាក្នុងអំឡុងផ្ទេរតំណែងថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពលឿន និង ខ្លាំងជាងមុន ដើម្បីដោះស្រាយវិបត្តិអន្តរជាតិដែលមានបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និង បញ្ហាបរិស្ថានជាដើម។

សូមជម្រាបថា មុនពេលតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់បារាំង លោកស្រី Elisabeth Borne ធ្លាប់បម្រើការជារដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីដឹកជញ្ជូន និង រដ្ឋមន្រ្តីការងារ ក្នុងអំឡុងអាណត្តិរបស់លោកប្រធានាធិបតី Emmanuel Macron៕

ប្រភព៖ NDTV

Share.