នេះ​គឺជា​មិត្តភាព​ដ៏​ល្អ​បរិសុទ្ធ​មួយ​ដែល​កម្រ​នឹង​​បាន​ឃើញ​ណាស់​ក្នុង​ពិភព​សិល្បៈ​នៅ​ពេល​ដែល​រាជិនី​ពីរ​ដួង​ ចេះ​ស្រលាញ់​និង​ជួយ​គ្នា​ មិនមែន​ចាំ​តែ​អង្គុយ​ច្រណែន​គ្នា​រឿង​តំណែង​អ្នក​ណា​ជា​តួ​ឯក​ ដូច​ករណី​តារា​សម្ដែង​សាឡាត់​ ស្រីឡាង និង​អ្នក​នាង​ ម៉ាក សែន​សូនីតា គឺជា​ឧទាហរណ៍​ស្រាប់​។

រំលឹក​ដល់​រឿង​រ៉ាវ​ជូរចត់​ក្នុង​ជីវិត​កញ្ញា​ សាឡាត់​ ស្រីឡាង​ តារា​សម្ដែង​ដ៏​លេច​ធ្លោ​មួយ​រូប​ក្នុង​ពិភព​ភាពយន្ត​បាន​ចេញ​មក​ចែក​រំលែក​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​នឹង​មិត្ត​រួម​អាជីព​សិល្បៈ​អ្នក​នាង​ ម៉ាក សែនសូនីតា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​។

ស្រីឡាង បាន​លើក​ឡើង​ពីទង្វើ​ល្អ​ៗ​ដែល​មិត្តភក្ដិ​ខ្លួន​បាន​ជួយ​ដល់​កញ្ញា​នៅពេល​ដែល​កញ្ញា​ទើប​ប្រឡូក​សិល្បៈ​ដំបូង​ តែ​គ្រោះ​អកុសល​បែរ​ជា​រឿង​ស៊យ​ផ្ទះ​ត្រូវឆេះ​ខ្ទេច​អស់​គ្មាន​ខោអាវ​ស្លៀក​ពាក់​ ប៉ុន្តែ​បាន​ជួប​ ម៉ាក សែន​សូ​នីតា​ជួយ​ ដោយ​ចែក​រំលែក​ទាំង​ខោអាវ​និង​របស់​ប្រើប្រាស់​មក​ឱ្យ​កញ្ញា​ដែរ​។

«ដឹង​ត្រឹម​ថា​ស្រលាញ់​…​អ្វី​ដែល​ចងចាំ​កាល​ចាប់​ផ្ដើម​ទើប​ថត​រឿង​ដំបូង​ផ្ទះ​ខ្ញុំ​ទើប​ឆេះ​អស់​ខោអាវ​អត់​មាន​ទេ​ ថតរឿង​ជាមួយ​គាត់​ខោអាវ​គាត់​សំភារៈ​គាត់​រំលែក​មក​ឱ្យ​ខ្ញុំ​ប្រើ​ ទិញ​ថ្មីៗ​គឺ​ត្រូវ​ទិញ​២​មួយ​ទុក​ឱ្យ​ខ្ញុំ​។ ច្រើន​រឿង​ទៀត​តែ​មិន​រៀបរាប់​ទេ​គឺ​ចងចាំ​ទុក​ជា​ក្ដី​សុខ​ Mak Sensonita – ToTa»

ក្រោយ​ពី​រឿងរ៉ាវ​នៃ​មិត្ត​ភាព​ល្អ​នេះ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រួចហើយ​នោះ​ អ្នក​គាំទ្រ​របស់​តារា​ស្រី​ទាំង​ពី​រ​បាន​ចូល​មក​អបអរសាទរ​ចំពោះ​សម្ព័ន្ធភាព​ដ៏​ល្អ​បរិសុទ្ធ​របស់​អ្នក​ទាំង​ពីរ​៕

Share.