ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់ កាត់ ផ្ទះគេទុកចោល ដើម្បីយកដែកទៅលក់ជាអេតចាយ បាន លុយទៅទិញថ្នាំញៀនជក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជា ហ៊ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្រពាំងត្បាល់ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាព វាយ គាស់ កាត់យកដែក នៅផ្ទះចាស់គេទុកចោលមួយកន្លែង ក្នុងភូមិខាងលើ សមត្ថកិច្ចដកហូតបានស័ង្កសីចំនួន៥៣ស្លឹក ដែកមួយចំនួន ញញួ ពូថៅ ជាសម្ភារៈសម្រាប់ធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា គាត់អត់លុយទិញគ្រឿងញៀនជក់ ឃើញផ្ទះចាស់គេទុកចោល ក៏ចូលទៅគាស់យកដែក ស័ង្កសី បំណងយកទៅលក់អេតចាយ បានលុយទុកទិញថ្នាំញៀន ហើយកំពុងគាត់ កាត់ សមត្ថកិច្ចចាប់ខ្លួនតែម្តង ។

បន្ទាប់ពិចាប់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.