រហូតមកទល់ពេលនេះ សពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី​ ធារិកា ដឹកពីខេត្ត ព្រះវិហារ តាមរយៈរថយន្ត ដើម្បីយកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ។ រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបសពឪពុកម្ដាយ ពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាង និងប្អូនប្រុសខ្លាំងណាស់។

សូមអាន៖ ពុទ្ធោ​! ឪពុក​និង​ម្តាយ​ តារា​ចម្រៀង​ សុវត្ថិឌី​ ធារិកា​ បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះវិហារ​

បើតាមការអះអាងរបស់តារាចម្រៀង អ៊ាម វន្នី បានរៀបរាប់មុននេះបន្តិចថា លោកសូមជម្រាបជូនដំណឹងដល់ញាតិមិត្តរបស់ កញ្ញា សុវត្ថិឌី ធារិកា ថា ពេលនេះគ្រូសាររបស់កញ្ញាមានទុក្ខជាទម្ងន់ ដោយប៉ាម៉ាក់របស់កញ្ញាបានបាត់បង់ជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោងប្រហែល៣រសៀល។ ហើយមុននេះសពកំពុងដឹកមកកាន់ភ្នំពេញវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ។ លោកបន្ថែមថា ចំពោះបងប្អូនដែលចង់ដឹងពីពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទលោកផ្ទាល់ 016223305 និង មេត្តា កុំខលទៅលេខរបស់ កញ្ញា សុវត្ថិឌី ធារិកា ផ្ទាល់អី ព្រោះកញ្ញាកំពុងមានទុក្ខ និងមិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូនស្រីដែលកំពុងមានទុក្ខផង។

ដំណើរដើមហេតុខាងលើដែលបណ្ដាលឱ្យឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី​ ធារិកា បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ក៏ព្រោះតែ រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានក្រឡាប់ដោយខ្លួនឯងក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ។ តាមសម្ដីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លើកឡើងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្ស២នាក់ស្លាប់ ដែលគេដឹងថា ជាឪពុកនិងម្ដាយបង្កើត របស់តារាចម្រៀង សុវត្ថិឌី ធារិកា ហើយមាន២នាក់ទៀតរបួស។

លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងទៀតថា កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជាអកុសល រថយន្តបានប្រឡាប់ចូលប្រឡាយដែលនៅជាប់នៅផ្លូវ ហើយបណ្តាលឪពុកនិងម្ដាយរបស់តារាចម្រៀងស្រីរូបនេះឈ្លក់ក្នុងទឹករហូតបាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។

រូបភាពតារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារមុនពេលកើតហេតុ

នាយប់ថ្ងៃទី ១៧ ឧសភា ក្រុមសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងចាំទទួលសពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា និងរៀបចំធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ។ សារព័ត៌មានត្រយង សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ សុវត្ថិឌី ធារិកា ដែលបាត់បង់មនុស្សជាទីគោរពស្រឡាញ់ទាំងពីរនាក់ព្រមគ្នា និងសូមឱ្យវិញ្ញាណលោកទាំងពីរទៅកាន់សុគតិភព៕

Share.