មនុស្សស្រីមិនមែន សុទ្ធតែលង់ស្នេហ៍ ឬ ឈ្លក់វង្វេងចំពោះបុរសណាម្នាក់ព្រោះតែទង្វើរបស់គេមកលើនាងនោះទេ ប៉ុន្តែជាទង្វើដែលជាឧបនិស្ស័យរបស់បុរសប្រព្រឹត្តិចំពោះខ្លួនឯង និង ចំពោះអ្នកដទៃ ដូច្នេះបុរសៗដែលគិតចង់បង្កើនមន្តស្នេហ៍ និង យកបានបេះដូងមនុស្សស្រី គួរសិក្សាហើយធ្វើយ៉ាងណា ត្រូវមាន៥ចំណុចខាងក្រោមនេះជាដាច់ខាត៖
១./ ចិត្តទូលាយ និងផ្ដល់កិត្តិយសឱ្យអ្នកផ្សេង
គុណសម្បត្តិរបស់បុរសដែលជាសុភាពបុរសនោះគឺមនុស្សដែលមានចិត្តទូលាយ ចេះចែករំលែកនិងលើកលែងទោសរួមទាំងផ្ដល់កិត្តិយសចំពោះអ្នកផ្សេង គោរពការគិតរបស់អ្នកដទៃមិនថាគេម្នាក់នោះមានឋានៈអ្វីឬប្រកបអាជីពណាក៏ដោយចុះ។ប្រសិនបើអ្នកអាចអនុវត្តបាននូវការរៀបរាប់ខាងលើនេះលទ្ធផលដែលអ្នកទទួលបាននោះគឺអ្នកជុំវិញខ្លួនរួមទាំងមនុស្សស្រីទៀតនោះច្បាស់ជាមើលឃើញថាយើងជាមនុស្សដែលមានមន្តស្នេហ៍ គួរឲ្យចង់នៅក្បែរជាងបុរសដែលមានចិត្តចង្អៀតនិយាយស្ដីមើលងាយអ្នកដទៃពិសេសបុរសដែលនៅខាងមុខផ្សេងខាងក្រោយនិយាយផ្សេង។

២./ បុរសរ៉ូមែនទិក សំបូរមនោសញ្ចេតនាជ្រាលជ្រៅ
បើសិនមិត្តអ្នកអានបានឮមនុស្សស្រីនិយាយថា«ខ្លួនមិនត្រូវការភាសាផ្អែមល្ហែមពីមនុស្សប្រុសសូម្បីតែបន្តិច» សូមកុំជឿឲ្យសោះ តែក៏មិនមែនបានសេចក្ដីថាស្រ្តី១០០ទាំង១០០សុទ្ធតែត្រូវការភាពរ៉ូម៉ែនទិកនោះទេ ប៉ុន្តែក្នុងចំណោមស្ត្រីដែលមិនត្រូវការភាពផ្អែមល្ហែមក៏មិនបានសេចក្ដីថានាងស្អប់ខ្ពើមឬមិនចូលចិត្តភាពផ្អែមល្ហែមរបស់បុរសនោះទេ ដូច្នេះយូរៗម្ដងអ្នកគួរតែសាងភាពរ៉ូមែនទិកសម្រាប់មនុស្សស្រីដែលអ្នកស្រលាញ់ តែប្រសិនបើអ្នកយល់ថាខ្លួននៅមិនទាន់មានភាពរ៉ូមែនទិកទេនោះសូមនិយាយថាអ្នកគួរឲ្យចាប់ផ្ដើមដោយវិធីងាយៗនោះគឺធ្វើយ៉ាងណាឲ្យដៃគូរបស់អ្នកមានភាពភ្ញាក់ផ្អើលមិនថាធ្វើអ្វីនោះទេឲ្យតែនាងរំភើបនិងភ្ញាក់ផ្អើលនោះចាត់ទុកថាអ្នកទទួលបានភាពជោគជ័យជំហ៊ានដំបូងនៃការចាប់ផ្ដើមសាងភាពរ៉ូមែនទិកសម្រាប់ទំនាក់ទំនងស្នេហាហើយ។

៣./ បុរសមានទំនួលខុសត្រូវខ្ពស់
ទោះជាអ្នកកើតមកសង្ហាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភប៉ុន្តែអ្នកមិនមានគំនិតមិនមានគោលដៅមិនចេះធ្វើការងារគ្មានទំនួលខុសត្រូវមិនយូរមិនឆាប់ឥទ្ធិពលនៃរូបរាងនិងលុយរបស់អ្នកនឹងលែងមានតម្លៃព្រោះមនុស្សស្រីល្អនៅពេលបានជួបជាមួយនឹងបុរសប្រភេទនេះ នាងប្រាកដជាមានអារម្មណ៍ថានាងមិនអាចផ្ញើវាសនាចំពោះបុរសរបៀបនោះបាននោះទេ ផ្ទុយទៅវិញប្រសិនបើអ្នកជាបុរសមានទំនួលខុសត្រូវខ្ពស់ចំពោះការងារនិងមានគោលដៅជីវិតច្បាស់លាស់មនុស្សស្រី១០០ទាំង១០០ច្បាស់ជាលង់ស្នេហ៍ចំពោះអ្នកជាក់ជាមិនខាន។

៤./ បុរសមានរសនិយមល្អ
មនុស្សប្រុសដែលមានរសនិយមល្អគឺចង់សំដៅដល់បុរសដែលស្គាល់ថាអ្វីគឺជា «របស់ល្អ» មានគុណភាព បានសេចក្ដីថាបុរសប្រភេទនោះ នឹងមិនចេះតែជ្រើសរើសទិញរបស់អ្វីមកដោយខ្វះការគិតគូរ ប៉ុន្តែជាបុរសដែលចង់ទិញអ្វីមួយមានការគិតគូរច្បាស់លាស់ស្វែងរកនិងស្វែងយល់របស់ដែលមានគុណភាពពិតប្រាកដជារបស់ប្រើប្រាស់បែបណា។ បុរសដែលមានរសនិយមល្អនឹងជ្រើសរើសទិញវត្ថុមិនច្រើនមុខតែច្រើនគុណភាពឬគុណភាពច្រើន ជាពិសេសរបស់ដែលគេទិញមកនោះជារបស់ដែលអាចប្រើប្រាស់បានយូរអង្វែង និយាយដោយងាយបុរសដែលមានរសនិយមល្អជាបុរសដែលឆ្លាតចេះជ្រើសរើសទិញរបស់បានល្អហើយតម្លៃល្មមអាចទទួលយកបាន។

៥./ បុរសមានចំណេះដឹង ឆ្លាត និង ពូកែ
សម្រាប់នារីបុរសដែលឆ្លាតពូកែនិងមានចំណេះដឹងគឺជាបុរសដែលនារីៗប្រាថ្នាចង់បានមកធ្វើជាគូគ្រង ព្រោះនារីភាគច្រើនគិតថាបុរសដែលឆ្លាតគឺជាអ្នកដែលអាចកែខៃនិងដោះស្រាយបញ្ហាយករួចខ្លួនបានមិនថាក្នុងស្ថានការណាមួយក៏ដោយ ហេតុនេះទើបនារីៗចូលចិត្តបុរសឆ្លាតដោយសារនាងជឿជាក់ថាមិនថាក្នុងស្ថានការលំបាកយ៉ាងណាក៏ដោយក៏នាងមិនចាំបាច់ខ្វល់ខ្វាយចិត្តនិងបារម្ផច្រើននោះទេព្រោះបុរសឆ្លាតច្បាស់ជាដោះស្រាយបានគ្រប់រឿង។

