រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ឱសានវាទ ១សប្ដាហ៍ទៀត ឲ្យរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឲ្យអស់។ ទន្ទឹមនឹងការដាក់ឱសានវាទឲ្យរុះរើ រដ្ឋបាលខេត្តមួយនេះ បានកោតសសើរចំពោះព្រជាពលរដ្ឋ ដែលបានចូលរួមសហការ ពីម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន មួយចំនួន ក្នុងការរុះរើជាបន្ដបន្ទាប់ នូវផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលបង្ហាញពីគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
សូមចុចអាន៖ ល្អណាស់! ខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់គ្មាន ការផ្សព្វផ្សាយគ្រឿងស្រវឹង?

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ក្នុងលិខិតជូនដំណឹងចុះថ្ងៃទី ២៤ ខែឧសភា ២០២១នេះថា ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្ដីថ្លៃថ្នូ និងរក្សាបានសោភណ្ឌភាព នៅក្នុងភូមិស្ាស្រ្តខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត ស្នើឲ្យម្ចស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជិកម្ម
ស្របៀនៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លោកអភិបាលខេត្តបានបន្ថែមទៀតថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕

