កូរ៉េ​ខាង​ត្បូង​ – តារា​ចម្រៀង​-តារា​សម្ដែង​ដ៏​ល្បីល្បាញ​ IU បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដែល​ខ្លួន​មាន​ចំពោះ​តារា​សម្ដែង​រៀម​ច្បង​ Gang Dong Won ដោយ​គ្មាន​លាក់លៀម​​​ក្នុង​កម្មវិធី​ Entertainment Weekly របស់​ស្ថានីយ​ទូរទស្សន៍ KBS។

នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រុម​តារា​សម្ដែង​រឿង​ «Broker» រួម​មាន​ IU, Gang Dong Won, Song Kang Ho និង​ Lee Joo Young បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ដើម្បី​ប្រូម៉ូត​ផ្សព្វផ្សាយ​ភាពយន្ត​ខ្នាត​ធំ​ដែល​ត្រៀម​បញ្ចាំង​​នៅ​លើ​រោង​ភាព​យន្ត​។

នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​តារា​សម្ដែង Song Kang Ho បាន​និយាយ​ថារឿង​ «Broker» នេះ​គឺជា​រឿង​​ទីពីរ​ហើយ​ដែលលោក​មាន​ឱកាស​បាន​សម្ដែង​ជាមួយ​នឹង​ Gang Dong Won ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ដោយ​កាល​នោះ​ពួក​លោក​សម្ដែង​រឿង​ «Secret Reunion» ជាមួយ​គ្នា​។ ជាមួយ​​គ្នា​នោះ​ដែរ​ Song Kang Ho បាន​និយាយ​ថា​ «តើ​លោក​ខ្ពស់​ជាង​មុន​មែន​ទេ? ខ្ញុំ​មាន​អារម្មណ៍​ថា១២​ឆ្នាំ​កន្លង​មក​នេះ​លោក​កាន់​តេ​ខ្ពស់​ជាង​មុន​។ Gang Dong Won មើល​ទៅ​កាន់​តែ​សង្ហា​ឡើងៗ​។

តារា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​៖ «ពេល​ដែល​ខ្ញុំ​ជួប​គាត់​ម្ដង​ទៀត​ ខ្ញុំ​ពិត​ជា​រីករាយណាស់​ ប្រៀប​ដូច​ខ្ញុំ​បាន​ជួប​ប្អូនប្រុស​ដែល​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​។ គាត់​នៅ​តែ​មាន​ភាព​ស្និតស្នាល​ ខ្ញុំ​មាន​អារម្មណ៍​សុខ​សុវត្ថិភាព​ពេល​នៅ​ក្បែរ​គាត់​»

ក្រោយ​តារា​ជើង​ចាស់​រូប​នេះ​និយាយ​ចប់​ IU ក៏​បាន​ពោល​ដែរ​ថា​៖ «នេះ​គឺជា​លើក​ទីមួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​នឹង​ Gang Dong Won, Song Kang Ho និង​ Lee Joo Young. គាត់​ទាំង​៣​គឺ​ជា​រៀម​ច្បង​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ ព្រោះ​តែ​បែប​នេះ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​សម្ដែង​ឱ្យ​ល្អ​ កុំ​ឱ្យ​ខុស​ឆ្គង​ច្រើន​ក្នុង​ពេល​ថត។ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​គ្របគ្រង​សតិ​អារម្មណ៍​ខ្ញុំ​បាន​យ៉ាង​ល្អ​។»

យ៉ាងណា​មិញ IU បាន​ចែក​រំលែក​រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​ដោយ​អាកប្បកិរិយា​អៀន​ប្រៀន​ថា​៖ «ប៉ុន្តែ​កែវ​ភ្នែក​របស់​ខ្ញុំ​មិន​ស្ដាប់​តាម​បញ្ជា​ខ្ញុំ​សោះ​ ខ្ញុំ​ចេះ​តែ​សម្លឹង​មើល​ទៅ​រៀម​ច្បង​ Gang Dong Won រហូត​ពេល​យើង​ថត​ជាមួយ​គ្នា​ដំបូង​។ គាត់​ពិត​ជា​សង្ហាណាស់​ ដូច្នេះ​ហើយ​ភ្នែក​ខ្ញុំ​ចេះ​តែ​ក្បត់​ចិត្ត​​សម្លឹង​ទៅ​គាត់​មិន​ដាក់​ភ្នែក​សោះ​។ ខ្ញុំ​ពិត​ជា​ជួយ​លែងបាន​ហើយ​។»

ក្រោយ​និយាយ​រឿង​អាថ៌កំបាំង​របស់​ខ្លួន​ចប់​ IU ងាក​ទៅ​សម្លឹង​ Jang Dong Won ហើយ​បិទ​មាត់​ដោយ​ភាព​អៀន​ខ្មាស​ ខណៈ​ដែល​ Jang Dong Won ក៏​អស់សំណើច​ដែរ​ ព្រោះ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​តប​បែបណា​វិញ​ទៅ​កាន់​ IU។ អាការ​របស់​ IU នេះ​គឺ​មើល​ទៅ​គឺ​នាង​បាន​លង់​ស្នេហ៍​ចំពោះ​រូបរាង​របស់​ Gang Dong Won ហើយ​គិត​ថាលោក​សង្ហា​ខ្លាំង​រហូត​សម្លឹង​លោក​មិន​អាច​ដាក់​ខ្សែ​ភ្នែក​។

ភាពយន្ត​ «Broker» ដែល​សម្ដែង​ដោយ​តារា​ល្បី​ទាំង​ពីរ​ដួង​នេះ​បាន​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​លើ​រោង​ភាពយន្ត​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ៕


Share.