ថៃ-សម្រាប់តារាភាពយន្ដឥណ្ឌាលោក Gagan Malik ដែលមហាជនបានស្គាល់ថាជាតួអង្គព្រះសិទ្ធត្ថ ក្នុងភាពយន្ដជីវប្រវត្តិពុទ្ធពោធិសត្វ បានសាងផ្នួសជាព្រះសង្ឃនៅវត្តថាតថង ប្រទេសថៃ នាពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមកនេះ លោកបានសម្រេចចិត្តលាចាកសិក្ខាបទនេះព្រឹកថ្ងៃទី ២០ ខែ ឧសភា នេះ។

សូមអាន៖ តួអង្គព្រះពុទ្ធ Gagan Malik សម្រេចចិត្តសាងផ្នួសដើម្បីរៀនសូត្រនាំយកព្រះធម៌ទៅផ្សព្វផ្សាយនៅប្រទេស​ឥណ្ឌាវិញ

តាមការបង្ហោះរបស់នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា« អនុមោទនា លោក Gagan Malik បានលាចាកសិក្ខាបទនៅថ្ងៃនេះ ឧបសម្ប័ទចំនួន ១០០ថ្ងៃ ចាប់​ពី​ថ្ងៃ​១០ ខែកុម្ភៈ ដល់ថ្ងៃទី២០​ខែឧសភា សូមចម្រើនពរ»។ ព្រឹត្តិការណ៍នេះដែរ មហាជនថៃជាពុទ្ធបរិស័ទ្ធជាច្រើននាក់មានសទ្ធាសប្បាយចិត្ត ចូលរួមអបអរនិងអនុមោទនា។

លោក Gagan Malik បានប្តូរជំនឿសាសនា ពីសាសនាហិណ្ឌូ ទៅសាសនាព្រះពុទ្ធ ដោយលោកធ្លាប់លើកឡើងថា លោកកើតក្នុងគ្រួសារមួយ ដែលកាន់សាសនាហិណ្ឌូ ក្រោយពីលោក បានចូលរួមសម្តែងជាតួអង្គ «ព្រះសិទ្ធត្ថគោតម» ក្នុងរឿង ពុទ្ធប្រវត្តិ ក៏បានយល់ច្បាស់ពីរឿងរ៉ាវរបស់ព្រះពុទ្ធ ក៏ដូចជាគោលបំណង និងអត្ថន័យពិតប្រាកដរបស់ព្រះពុទ្ធ ទើបធ្វើឱ្យលោកមកជាពុទ្ធសាសនិកវិញ។ បើតាមការតាំងចិត្ត លោក Gagan Malik គ្រោងនឹងនាំយកការប្រណិប័តន៍ព្រះធម៌ពុទ្ធសាសនាទៅផ្សព្វផ្សាយប្រៀនប្រដៅប្រជាជននៅក្នុងប្រទេសឥណ្ឌាវិញ៕

Share.