«គឺអ្នក Is You» ជារឿងស្នេហារវាងមនុស្សស្រីដូចគ្នា (Girl Love Series) ដែលក្រោយពីមានការបង្ហោះលើផេកផលិតកម្មសាស្ត្រាហើយនោះធ្វើឱ្យហ្វេនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតារាទាំងពីរដួងនេះ ទើបតែដើរតួជាសត្រូវស្នេហាស៊ីសាច់ហុតឈាមឈ្លោះគ្នាសឹងគ្រប់ឈុតក្នុងខ្សែរឿងជីវិត«អ្នកឈ្នះ» រដូវកាលទី២ ដែលមានលោក Princes ជាតួឯកប្រុស ស្រាប់តែរឿងថ្មីនេះអ្នកទាំងពីរប្ដូរ៣៦០ដឺក្រេពីគូជម្លោះមកជាគូស្នេហ៍វិញ។

បើយោងតាមការបញ្ជាក់ពីផលិតកម្មសាស្ត្រាហ្វៀមរឿងភាគបែបស្រីស្រលាញ់ថ្មីនេះនឹងមានបញ្ចាំងជូនទស្សនាភាគទីមួយនៅសប្ដាហ៍ក្រោយ។

ថ្មីទៀតហើយសម្រាប់អ្នកគាំទ្រដែលនិយមចូលចិត្តទស្សនាភាពយន្តខ្មែរជាពិសេសអ្នកដែលគាំទ្រតារាសម្ដែងកញ្ញា រចនា រ៉ាវ៉ាឌីនិងកញ្ញា យ៉ា សុផាន់ម៉ៃ ប៉ុន្តែរឿងថ្មីនេះហាក់ប្លែកខ្លាំងសម្រាប់អ្នកទាំងពីរដែលធ្លាប់តែជាគូជម្លោះប្រែក្លាយមកជាគូស្នេហ៍វិញ។

អ្នកនាង យ៉ា សុផាន់ម៉ៃ ធ្លាប់កសាងស្នាដៃដ៏ល្បីក្រោយពីចាប់ដៃគូជាមួយនឹងកញ្ញា កែវ ឡាវីញចំនួន២រឿងគឺរឿង «រសជាតិអ្នកមាន» និងរឿង «សង្សារខ្ញុំ» ដូច្នេះការចាប់ដៃគូសម្ដែងថ្មីជាមួយនឹងកញ្ញា រចនា រ៉ាវ៉ាឌីនៅក្នុងរឿងភាគថ្មីនេះធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរទន្ទឹងរង់ចាំនិងចង់ដឹងថាតើរឿងថ្មីនេះ សាច់រឿង ចរិតតួអង្គនិងចំណោទបញ្ហានៃរឿងខុសប្លែកគ្នាពីរឿងដែលអ្នកទាំងពីរធ្លាប់សម្ដែងឬក៏យ៉ាងណាមួយទៀត អ្នកគាំទ្រក៏ចាំមើលដែរថា តើយ៉ា សុផាន់ម៉ៃ និង រចនា រ៉ាវ៉ាឌី សម្ដែងបានស័ក្តិសមធ្វើឱ្យគាំទ្រចូលតួដូចចាប់ដៃគូសម្ដែងជាមួយនឹង កញ្ញា កែវ ឡាវីញដែរឬក៏យ៉ាងណា?
