បាត់ដំបង ៖ រថយន្តបែនដឹកថ្មបើកបុករថយន្តដឹកបេតុង ខ្ទាតធ្លាកផ្លូវ របួសធ្ងន់អ្នក បើកបរកៀបជាប់ក្នុងកាប៊ីន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកថ្ម ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ក្រហម ពាក់ស្លាក លេខ AT22 3-1987  បើកបរដោយឈ្មោះ មិត នី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បើកល្បឿនលឿនពីលិចទៅកើត។ពេលដល់ចំណុចកើតហេតុ ជ្រុលបុកពីទទឹងរថយន្ត ដឹកបេតុង ម៉ាកFUSO ពណ៌ស ពាក់សនលាកលេខ បាត់ដំបង 5A-0096 បើកពីជើងទៅត្បូង ដោយឈ្មោះ និល សានិត អាយុ៣៥ឆ្នាំ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរថយន្តបែនខ្ទាតធ្លាក់ផ្លូវ ខ្ទេចកាប៊ីន ជាប់អ្នកបើកបរនៅខាងក្នុង រងរបួសធ្ងន់ ហើយពេលខ្ទាតទៅនោះ បណ្តាលឲ្យប៉ះម៉ូតូ ស្ត្រីម្នាក់ កំពុងចតស្ងៀម រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់យកចេញដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.