អង្គការសុខភាពពិភពលោក (WHO) កំពុងតែបើកកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសុក្រ ទី ២០ ខែ ឧសភា នេះ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា ដែលជាការឆ្លងមេរោគអាចកើតមានជាទូទៅចំពោះប្រទេសអាហ្វ្រិកខាងលិច និង កណ្ដាល បន្ទាប់ពីករណីសង្ស័យជាង ១០០ករណី ត្រូវបានបញ្ជាក់ថាមាននៅអឺរ៉ុប។

នៅក្នុងអ្វីដែលប្រទេសអាល្លឺម៉ង់ថាជាការផ្ទុះឡើងដ៏ធំបំផុតនៅអឺរ៉ុបមិនធ្លាប់មាន ករណីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសយ៉ាងហោចណាស់ជាង ១០ប្រទេស មានដូចជា បែលហ្សិក បារាំង អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ ព័រទុយហ្គាល អេស្ប៉ាញ ស៊ុយអែត និង ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី ព្រមទាំងសហរដ្ឋអាមេរិក ជាដើម។

ប្រទេសអេស្ប៉ាញបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២៤ កាលពីថ្ងៃសុក្រ ម្សិលម៉ិញ ដែលភាគច្រើននៅទីក្រុង Madrid ជាកន្លែងរដ្ឋាភិបាលមូលដ្ឋានបិទហាងស៊ូណាមួយកន្លែងពាក់ព័ន្ធនឹងការឆ្លងច្រើនជាងគេ។

មន្ទីរពេទ្យមួយក្នុងប្រទេសអ៉ីស្រាអែលកំពុងព្យាបាលបុរសអាយុ ៣០ឆ្នាំម្នាក់ មានរោគសញ្ញាជំងឺនេះ បន្ទាប់ពីរូបគាត់បានមកពីតំបន់អឺរ៉ុបខាងលិច។

ករណីនេះត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងសត្វស្វា ជំងឺនេះជាធម្មតារីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និង កម្ររីករាលដាលនៅខាងក្រៅទ្វីបអាហ្វ្រិក ដូច្នេះករណីសេរ៊ីនេះបានបង្កឲ្យមានការព្រួយបារម្ភ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តមិនរំពឹងថា វាអាចមានការផ្ទុះឡើង និង វិវឌ្ឍន៍ទៅជាជំងឺរាតត្បាត ដូចមេរោគកូវីដ១៩ នោះទេ ដោយសារតែវីរុសមិនងាយឆ្លងងាយៗនោះទេ។ ជំងឺអុតស្វា ឬ Monkeypox ជាធម្មតាមានអាការៈស្រាល គឺមាន សញ្ញាក្ដៅខ្លួន និង ឡើងកន្ទួលរដិបរដុបប្លែងៗលើដងខ្លួន។

សេវាវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអាល្លឺម៉ង់ ដែលបានរកឃើញករណីដំបូងរបស់ខ្លួនក្នុងប្រទេស កាលពីថ្ងៃសុក្រ បាននិយាយថា «នេះគឺជាការរីករាលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប»។

កិច្ចប្រជុំគណៈកម្មាធិការរបស់អង្គការសុខភាពពិភពលោក (WHO) នឹងពិភាក្សាអំពីបញ្ហានេះគឺ ក្រុមប្រឹក្សាយុទ្ធសាស្រ្ត និង បច្ចេកទេសស្ដីពីគ្រោះថ្នាក់ជំងឺឆ្លង ដែលមានសក្ដានុពលនៃជំងឺរាតត្បាត (STAG-IH) ដែលផ្ដល់ប្រឹក្សាពីហានិភ័យនៃការឆ្លងអាចជាការគំរាមកំហែងទូទាំងពិភពលោក៕

ប្រភព៖ CNA

Share.