នៅថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្តិទី៥ ដែលមានរយៈពេល១៤ថ្ងៃនោះ គណបក្សនយោបាយទាំងចំនួន១៧ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនារកការគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន ប៉ុន្តែក្នុងចំណោមនោះ សម្រាប់នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពឃោសនារកការគាំទ្រធំជាងគេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២១​ ខែសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថាសម្រាប់រាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន៤បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត ក្នុងនោះមានគណបក្សនយោបាយ២បានហែរក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមប្រមាណ៤ម៉ឺននាក់ និងគណបក្សភ្លើងទៀនមានអ្នកចូលរួមប្រមាណ១ពាន់៥០០នាក់ ខណៈគណបក្សខ្មែររួបរួមជាតិ និងប្រជាធិបតេយ្យមូលដ្ឋានធ្វើសកម្មភាពនៅសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។

គ.ជ.ប បានវាយតម្លៃថាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារមានកិច្ចសហការល្អពីអាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងបណ្ដាគណបក្សនយោបាយ។

សូមបញ្ជាក់ថាយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ នឹងបន្តរហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃ ស ដែលគ្រប់គណបក្សនយោបាយត្រូវរក្សាភាពស្ងប់ស្ងៀម មុននឹងឈានដល់ការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

Share.