ក្រុម​បាល់ទះ​បុរស​ក្នុង​សាល​របស់​ហ្វីលីពីន ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់​ឆ្នាំ​ចាស់ ឈរ​ចំណាត់​ថ្នាក់​លេខ៥​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២២ នេះ បាន​ចូលរួម​អបអរសាទរ​ដល់​ក្រុម​កម្ពុជា ដែល​ឈ្នះ​មេដាយ​សំរឹទ្ធិ​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។

ក្រោយ​កម្ពុជា យក​ឈ្នះ​ថៃ ក្នុង​វគ្គ​​ដណ្តើម​មេដាយ​សំរឹទ្ធិ ៣សិត​ទល់២​សិត​នៅ​រសៀល​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ ក្រុម​ហ្វីលីពីន បាន​បង្ហោះ​នៅ​លើ​បណ្ដាញ Twitter របស់​ខ្លួន​ថា៖«Congrats Cambodia! Very deserve»។

ក្រុម​បាល់ទះ​​ហ្វីលីពីន បុរស​បាន ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល ក្រោយ​ចាញ់​ក្រុម​កម្ពុជា ៣សិត​ទល់១ សិត​នៅ​ថ្ងៃ​បើក​ឆាក​ពូល B ហើយ​បន្ត​ចាញ់​ថៃ ៣សិត​ទល់០។ ក្នុង​នាម​ជា​ក្រុម​លេខ៣​ពូល B ហ្វីលីពីន បាន​ប្រកួត​​ឈ្នះ​ម៉ាឡេស៊ី ក្នុង​វគ្គ​គេច​ចេញ​ពី​​ចំណាត់ថ្នាក់​លេខ៧ ដោយ​លទ្ធផល ៣សិតទល់០ និង​បន្ត​ឈ្នះ​មីយ៉ាន់ម៉ា ៣សិត​ទល់២សិត ក្នុង​វគ្គ​ដណ្តើម​កៅអី​លេខ៥។

ដូច្នេះ​ចំណាត់ថ្នាក់​បាល់ទះ​បុរស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​នេះ​មាន៖
-មេដាយ​មាស​និង​ប្រាក់ រង់ចាំ​ការ​ប្រកួត​រវាង​វៀតណាម និង​ឥណ្ឌូណេស៊ី ម៉ោង​៥ល្ងាច​នេះ
-មេដាយ​សំរឹទ្ធិ បាន​មក​កម្ពុជា
-លេខ៤ គឺ​ថៃ
-លេខ៥ គឺ​ហ្វីលីពីន
-លេខ៦ គឺ​មីយ៉ាន់ម៉ា
-លេខ៧ គឺ​ម៉ាឡេស៊ី

Share.