ក្រុម​បាល់ទះ Paykan Tehran VC មក​ពី​ប្រទេស​អ៊ីរ៉ង់ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្លិប​បាល់ទះ​ប្រចាំ​ទ្វីប​អាស៊ី​ឆ្នាំ​២០២២ (2022 Asian Men’s Club Volleyball Championship) និង​បន្ត​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ច្រើន​សម័យកាល​ជាង​គេ​រហូត​ដល់​​៨លើក គិត​ចាប់តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩មក។

2022 Asian Men’s Club Volleyball Championship រៀបចំ​ឡើង​នៅ​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ ពី​ថ្ងៃ​ទី​១៤​ដល់​២០ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ខ្លាំង​ៗមក​តំបន់​នានា​ជុំ​វិញ​ទ្វីប​ចំនួន​៨ក្រុម។ ក្រុម​ទាំង​៨ចែក​ចេញ​ជា​២ពូល ក្រោយ​មក​ត្រូវ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម Paykan Tehran VC បាន​យក​ឈ្នះ​លើ​ក្រុម​Suntory Sunbirds របស់​ជប៉ុន ដោយ​លទ្ធផល ៣សិត​ទល់២សិត នៅ​ថ្ងៃ​ទី២០​ខែឧសភា ឆ្នាំ​២០២២ ថ្មីៗនេះ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​៧ពាន់នាក់ ដោយ​ប្រើ​ថិរវេលា​២ម៉ោង​២៨នាទី។

ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី ក្រុម Paykan Tehran VC នឹង​តំណាង​ទ្វីប​អាស៊ី​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក FIVB Volleyball Men’s Club World Championship។

​ក្រុម Paykan Tehran VC ឈ្នះ​ជើង​ឯក​Asian Men’s Club Volleyball Championship ៨សម័យកាល​​ ខណៈ​ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​១ឆ្នាំ​ម្តង ដោយ​ក្នុង​នោះ​ឈ្នះ​នៅ​ឆ្នាំ​២០០២,​២០០៦,​២០០៧,២០០៨,២០០៩,​២០១០,​២០១១​និង​២០២២។ ក្រៅ​ពី​នោះ​ក្រុម​ដែល​មាន​​អាយុ​​៥៦​ឆ្នាំ​មួយ​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​​២លើក​នៅ​ឆ្នាំ​២០០០ និង​២០០៤ និង​ឈ្នះ​មេដាយ​សំរឹទ្ធិ​២លើក​នៅ​ឆ្នាំ​១៩៩៩ និង​២០១៥។

ក្នុង​ចំណោម​២២​លើក​មក​នេះ ប្រទេស​អ៊ីរ៉ង់ ធ្លាប់​ឈ្នះ​ពានរង្វាន់ Asian Men’s Club Volleyball Championship រហូត​ដល់​១៦សម័យកាល​ម្នាក់​ឯង​ បើ​បូក​ក្រុមPaykan Tehran ៨លើក Shahrdari Varamin ២លើក Sarmayeh Bank Tehran ២លើក, Sanam Tehran ១លើក, Kalleh Mazandaran ១លើក, Khatam Ardakan ១លើក, Foolad Sirjan ១លើក៕

Share.