ផ្សារកំពង់ពពិល ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានប្រារព្ធពិធីសម្ពោធនាព្រឹកមិញនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង។ ផ្សារនេះត្រូវសម្ដេចក្រឡាហោមសម្រេចសាងសង់ជាថ្មីឡើងវិញជូនក្រុមអាជីវករ បន្ទាប់ពីផ្សារចាស់ត្រូវបានខូចខាតស្ទើរទាំងស្រុងដោយគ្រោះអគ្គិភ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ផ្សារនេះសាងសង់ពីបេតុងលើផ្ទៃដីជាង៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ៦២ម៉ែត្រ ទទឹងជាង៥៧ម៉ែត្រ កម្ពស់២ជាន់ ជាន់ទីមួយមានតូបចំនួន២១០តូប ជាន់ទីពីរមាន២០០តូប រួមទាំងការបំពាក់ជណ្ដើរយន្ត ប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ ចំណាយថវិកាជាង១លាន៤សែន៧ម៉ឺនដុល្លារ និងមានការបំពាក់អំពូលភ្លើងបន្ថែមទៀតផង។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការសោកស្ដាយជាមួយប្រជាពលរដ្ឋជាក្រុមអាជីវករដែរ ដែលបានខាតបង់តូប ទំនិញ និងទ្រព្យសម្បត្តិផ្សេងៗដោយគ្រោះអគ្គិភ័យកាលពីពេលកន្លងទៅ។ សម្ដេចក៏បានថ្លែងអំណរគុណអាជីវករដែលបានអនុញ្ញាតជូនសម្ដេច និងសហការី ចូលរួមចំណែកសាងសង់ផ្សារថ្មីនេះទាំងស្រុងឡើងវិញ ដោយសម្ដេចបន្តថា«បើពលរដ្ឋមិនគាំទ្រ មិនឯកភាព ទោះបីជាយើងខ្ញុំចង់ យើងខ្ញុំមានធនធាន និងថវិកាយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើផ្សារនេះបានដែរ»។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ផ្ដល់ជូនបន្ថែមនូវការកែលម្អរផ្សារនេះដោយក្រាលកំរាលការ៉ូឱ្យបានស្អាតទាំងនៅផ្នែកជាន់ខាងក្រោម និងផ្នែកជាន់ខាងលើនៃផ្សារ និងបានស្នើសុំក្រុមអាជីវករខិតខំបង្កើនការស្រុះស្រួលគ្នាជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដើម្បីរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ រួមទាំងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។

បើតាមសម្ដេច ផ្សារកំពង់ពពិលដែលសាងសង់ក្នុងតម្លៃជាង១លានដុល្លារអាមេរិកនេះ មានការគាំទ្រពីឥស្សរជន ក្រុមការងារ និងសប្បុរសជនជាច្រើន ហើយថាការចំណាយសាងសង់នេះ គឺមិនមានការតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរវិញនោះឡើយ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឥស្សរជន ក្រុមការងារ និងសប្បុរសជនដែលបានរួមចំណែកគាំទ្រសម្ដេចក្នុងការងារសាងសង់ផ្សារកំពង់ពពិលថ្មីនេះដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋជាអាជីវករប្រើប្រាស់៕

សូមទស្សនារូបភាពពិធីសម្ពោធផ្សារកំពង់ពពិលបង្ហោះលើហ្វេសប៊ុកផេកឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៖

Share.