កីឡាករកំពុងលេចធ្លោ Son Heung-Min ដែលជួយឲ្យក្រុមមាន់ខ្នាយមាស​ Tottenham Hotspur ទទួលបានកៅអី UEFA Champion League បានក្លាយជាកីឡាករអាស៊ីលើកដំបូង ឈ្នះស្បែកជើងមាស ក្រោយស៊ុតបាន២៣គ្រាប់ស្មើគ្នាជាមួយ Mohamed Salah នៅកំពូលរបស់ប្រទេសអង់គ្លេស English Premier League រដូវកាលនេះ។

កាលពីម្សិលមិញនេះ Son Heung-Min បានធ្វើដំណើរដល់ព្រលានយន្តហោះ Incheon Airport ប្រទេសកូរ៉េខាងត្បូង ស្រុក​កំណើតរបស់គេ ​អម​ជាមួយ​ស្បែកជើងមាសជូនជាតិមាតុភូមិ។

មូលហេតុ Son ធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងគឺដើម្បីចូលរួមក្រុមជម្រើសជាតិត្រៀមប្រកួតមិត្តភាពជាមួយ ជើងខ្លាំងប្រេសុីល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦:០០ល្ងាច។

ចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 កូរ៉េខាងត្បូង ស្ថិតនៅពូល ជាមួយ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ និង ហ្គាណា។ តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.