ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីប្រើហឹង្សាទៅលើក្មេងស្រី បណ្ដាលអោយរងរបួស។ កាលពីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តីសង្ស័យមានឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យ នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនស្រ្តីខាងលើសមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនស្រ្តីម្នាក់ សង្ស័យដែលប្រើអំពើហិង្សាលើក្មេងស្រីម្នាក់ បណ្កាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីស្ត្រីសង្ស័យរូបនេះ សុំក្មេងស្រីរងគ្រោះពីម្ដាយយកមកនៅជាមួយ អស់រយះពេលជាង១ឆ្នាំមកហើយ ហើយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្រ្តីសង្ស័យបានប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវាយលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់។

បច្ចុប្បន្នក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំ ពេញ និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញក្រោមការថែទាំជាបណ្ដោះអាសន្នរបស់អង្គការមិត្តសំឡាញ់។ ចំណែកស្រ្តីជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ ៖ សេង សាវី

Share.