តារាសម្ដែងកញ្ញា ម៉ិច ម៉ារីកា បានឱ្យដឹងថាខណៈនេះ កញ្ញាបាននឹងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅដឺព្រីមៀសែនសុខ បន្ទាប់ពីបានធ្វើតេស្ដឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងបានរៀបរាប់ឱ្យដឹងពីមូលហេតុដែលកញ្ញាបានឆ្លងជំងឺនេះផងដែរ។
ថ្លែងប្រាប់សារព័ត៌មានត្រយងតាមរយៈប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី ២៥ ខែឧសភា នេះ កញ្ញាបានទៅធ្វើតេស្ដ ភ្លាមៗក្រោយបានដឹងថាខ្លួនបានប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទោះជាមិនមានអាការៈគួរឱ្យសង្ស័យក្ដី។ មានរយៈពេល ៣ថ្ងៃហើយ គិតចាប់ពីថ្ងៃទី ២២ ជាថ្ងៃដំបូង រហូតដល់ទល់នឹងព្រឹកនេះ ដែលកញ្ញាត្រូវបានបញ្ជូនឱ្យទៅសំរាកព្យាបាលនៅដឺព្រីមៀសែនសុខ សុខភាពកញ្ញានៅជាធម្មតានៅឡើយទេ។

ទោះជាទាន់មានអាការៈណាមួយដែលគួរឱ្យព្រួយបារម្ភក្ដីតែកញ្ញាទទួលបានការយកចិត្តទុកដាក់ព្យាបាលពីគ្រូពេទ្យដូចជាអ្នកជំងឺផ្សេងៗទៀតដែរ ដូចជាមានផ្ដល់ជូនជាអាហារ និង ថ្នាំសង្កូវផ្សេងៗទៅតាមពេលវេលាជាប់ជានិច្ច។
រំលឹកដល់មូលហេតុដែលធ្វើឱ្យកញ្ញា ឆ្លងជំងឺកូវីដ-១៩ គឺដោយសារតែកញ្ញាបានជិះរថយន្តជាមួយនឹងជំងឺនេះ តែសាមីខ្លួនគាត់មិនបានដឹងទេថាគាត់មានផ្ទុកវីរុសនេះរហូតទាល់តែធ្វើទុក្ខទើបទៅតេស្ដសំណាក់ហើយដឹងថាខ្លួនបានកើតជំងឺកូវីដ-១៩។ កញ្ញាក៏បានបញ្ជាក់មកកាន់សារព័ត៌មានត្រយងដែរថា ខណៈដែលបានឆ្លងជំងឺកូវីដ-១៩នេះ កញ្ញាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ លើកទីមួយរួចរាល់ហើយ។

តារាសម្ដែងដែលមានដើមកំណើតនៅ ខេត្តតាកែវ រូបនេះបានសំណូមពរក៏ដូចជាអំពាវនាវ ដល់មជ្ឈដ្ឋានមហាជនឱ្យមានការប្រុងប្រយ័ត្ននិងរក្សាអនាម័យពាក់ម៉ាសលាងដៃដោយសាប៊ូ អាកុល ឬ ជែល ឱ្យបានជាប់ជាប្រចាំ កុំមានការធ្វេសប្រហែសទោះជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចក្តី។
«សំរាប់ប្អូនផ្ទាល់ប្អូនចង់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារអោយតឹងរ៉ឹងបំផុត ព្រោះវាឆ្លងលឿនណាស់
បើយើងគ្មានការប្រុងប្រយ័ត្នខ្ពស់នោះ មួយទៀតទោះជាយើងចាក់ថ្នាំលើក១ រឺ ទី២ ក៏ដោយ ក៏មិនប្រហែសដែរសំរាប់
ប្អូនការពារណាស់ តែនៅធ្លោយ ប្អូនមិនចង់អោយបងប្អូនទាំងអស់គ្នាមានការសោកស្ដាយដូចប្អូនទេ»
