សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបមន្ទីរពិសោធ លួចលាក់ កែច្នៃផលិតគ្រឿងញៀននៅទីតាំង៣កន្លែងផ្សេងគ្នា ដោយចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ រឹបអូសសារធាតុញៀនជាង១តោន៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបើតាមមន្ទីរប្រឆាំងគ្រឿងញៀនចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

បើតាមមន្ទីរប្រឆាំងគ្រឿងញៀន មុននឹងឈានដល់ការបង្ក្រាបករណីនេះ សមត្ថកិច្ចបានស្រាវជ្រាវអស់រយៈពេលជាង២ខែឯណោះ ហើយកិច្ចប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីល្ងាច នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ គឺរាជធានីភ្នំពេញមួយទីតាំង និងខេត្តកំពង់ស្ពឺ២ទីតាំង។

ប្រតិបត្តិការនេះត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនអះអាងថាធ្វើឡើងតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ជាលើកទី២ហើយដែលសមត្ថកិច្ចកម្ពុជាបង្ក្រាបបានាំទីតាំងកែច្នៃផលិតគ្រឿងញៀន។ កាលពីខែធ្នូ ចុងឆ្នាំ២០២១ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនមួយកន្លែង ដោយរឹបអូសគ្រឿងញៀនបានជាង១តោន និងសារធាំតិគីមីផ្សុំផលិតគ្រឿងញៀនជាង៨០តោន ដែលជ្រកក្រោមស្លាករោងចក្រស្វាយ នៅខេត្តកំពង់ស្ពឺ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានប្រែពីប្រទេសចរាចរណ៍គ្រឿងញៀនទៅជាប្រទេសមានការការផលិតកែច្នៃគ្រឿងញៀន។ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថាពួកឧក្រិដ្ឋជនបាននាំចូលសារធាតុគីមីផ្សុំនានាដោយស្របច្បាប់ ប៉ុន្តែបានបង្វែរសារធាតុនោះផលិតជាគ្រឿងញៀន និងបានទាមទារឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យឱ្យបានហ្មត់ចត់៕

Share.