សមាជិកគ្រួសារសពបានប្រាប់កាសែត New York Times ថា ស្វាមីរបស់អ្នកគ្រូបង្រៀនថ្នាក់ទី៤ ដែលត្រូវខ្មាន់កាំភ្លើងវ័យ ១៨ឆ្នាំ បាញ់សម្លាប់ពេលកំពុងការពារកូនសិស្សនៅសាលាបឋមសិក្សា Robb រដ្ឋតិចសាស់នោះ បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ ពេលកំពុងធ្វើបុណ្យសពឲ្យភរិយារបស់ខ្លួន។

លោក Joe Garcia បានរៀបការជាមួយអ្នកគ្រូក្លាហាន Irma Garcia អស់រយៈពេល ២៤ឆ្នាំមកហើយ ដោយលោកបានដួលស្លាប់ភ្លាមៗនៅក្នុងពិធីបុណ្យសពនាថ្ងៃទី ២៦ ខែ ឧសភា នេះ។

ក្មួយប្រុសរបស់លោក Joe បាននិយាយថា «ខ្ញុំមិនដឹងថា ពេលនេះខ្ញុំមានអារម្មណ៍យ៉ាងណាទេ។ ខ្ញុំមិនជឿ និង មិនចង់ជឿទេថា ពូរបស់ខ្ញុំបានលាចាកពីលោកនេះទៅម្នាក់ទៀត»។

កូនៗ និង ក្រុមគ្រួសារបានព្យាយាមជួយសង្រ្គោះលោក​ Joe ប៉ុន្ដែមិនបានផលអ្វីទេ ថ្វីបើពួកគេបានទាក់ទងហៅរថយន្ដសង្រ្គោះបន្ទាន់មកទទួល និង បញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក៏ជួយជីវិតមិនបានដែរ។

គ្រូពេទ្យបាននិយាយថា លោក Joe បានខូចបេះដូងបាត់ទៅហើយ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជំងឺរបស់លោក Joe ត្រូវបានគេស្គាល់ថា Takotsubo Cardiomyopathy ដែលជាទូទៅកើតឡើងនៅពេលដែលអ្នកស្លាប់ជួបប្រទះនូវភាពតានតឹងខ្លាំងពេកបណ្ដាលឲ្យបេះដូងឈប់ដើរ ឬ ខូច ស្លាប់ភ្លាមៗ ដែលវាមិនដូចនឹងអ្នកជំងឺគាំងបេះដូងដទៃទៀត ដែលបង្កឡើងដោយស្ទះសរសៃឈាមនោះទេ។ អ្នកដែលមានរោគសញ្ញាបេះដូងខូច មកពីបានបញ្ចេញអរម៉ូនស្រ្តេសខ្លាំងពេក ដែលរារាំងបេះដូងរបស់ពួកគេពីការលោតកន្រ្តាក់ឲ្យបានត្រឹមត្រូវ៕

ប្រភព៖ NBC News

Share.