កណ្ដាល ៖ សពស្ត្រីវ័យក្មេងម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់កណ្តាលផ្លូវ មានស្នាមរបួសរយះក្បាល ថ្ងាស ឆ្អឹងជំនី មហាជនដាក់ការសង្ស័យពាក់ព័ន្ធរឿងឃាតកម្ម ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នេះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២១បេ ចំណុចភូមិលេខ១.ក. សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមការស្រាវរបស់សមត្ថកិច្ច សពត្រូវបានស្គាល់ឈ្មោះ ស៊ន ពីសី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ យីហោបីយ៉ង ស្នាក់នៅផ្ទះជួលលេខ១៣ បុរីគ្រីស្តាល់ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែលប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ប្រទះឃើញ ក៏ផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ ។

សពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យ បញ្ចាក់ថា សពមានស្នាមរបួស២កន្លែងលើក្បាលផុងលលាដ៏ លើថ្ងាស បាក់ឆ្អឹងជំនីខាងស្តាំ ។ តែបើតាមការលើកឡើងពីមហាជន សង្ស័យជារឿងឃាតកម្ម របួសធ្ងន់ធ្ងរ រហូតដល់ស្លាប់ ទម្លាក់ចោលតាមផ្លូវ ។

តែទោះជាយ៉ាងណាក្តី ការស្លាប់របស់ស្ត្រីខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ លោកបន្តធ្វើការស្រាវជ្រាវ ហើយសពត្រូវបានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ រងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ ៖តាតុង សែនជ័យ

Share.