ភ្នំពេញ៖ តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នេះ ប្រកាសសាលដីកាសម្រេចដោះលែងឲ្យជនជាប់ចោទឈ្មោះ ប៉ែន នួន នៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានកាត់ឲ្យជាប់ទោសពាក់ព័ន្ធនឹងបទល្មើស ឆបោក និង រំលោភទំនុកចិត្ត  ប្រព្រឹត្តនៅ ភូមិព្រៃពាយ ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពី អំឡុងខែមិថុនា ខែកក្កដា ខែកញ្ញា ឆ្នាំ ២០២១។

ជនជាប់ចោទ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ ១៩៧៥ មានងារជាឧកញ៉ា និងមុខរបរ ជាពាណិជ្ជករ  មានទីលំនៅ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជាប់ចោទ ពីបទ  ឆបោក និង រំលោភទំនុកចិត្ត មាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៣៩១ និង ៣៩២  នៃក្រមព្រហ្មទណ្ឌ។

ដើមបណ្ដឹងក្នុងសំណុំរឿងនេះមានឈ្មោះ ស៊ីន ប៊ុល  ភេទប្រុស កើតឆ្នាំ ១៩៨៣ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ។

សូមបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ ប៉ែន នួន ត្រូវបាននគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ កក្កដាឆ្នាំ២០២១ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ខា ដែនណា ព្រះរាជអាជ្ញារងខេត្តកំពត  ៕

Share.