ថ្ងៃទី ១ ខែមិថុនាឆ្នាំ២០២២នេះ គឺជាខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចេញសារលិខិតអបអរ ទិវានេះ ដោយបានអំពាវនាវដល់ក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារី និងសហគមន៍ កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

បើតាមសម្តេចតេជោ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញឱ្យមានការផ្លាស់ប្ដូរ ក្នុងការអនុវត្ត និងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាន និងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីតថភាពរបស់កុមារ ដែលកំពុងជួបប្រទះ។

ក្នុងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

សម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្តេចថា គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ លើសពីនេះទៀត ដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជារសេនាធិការ ជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញ ចូលតែមួយគ្រប់ការងារដែលផ្តោតលើកុមារ។

គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនៃធនធានមនុស្សប្រកបដោយសក្តានុពលភាព និងឧត្តមប្រយោជន៍សម្រាប់កុមារ។

គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។

អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារ នៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារ ចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់កុមារគ្រប់វិស័យ៕

Share.