ក្រសួងព័ត៌មាន បានណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមអនុវត្តវិធានធានារក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតម្រេចចិត្តជ្រើសរើសតំណាងស្របច្បាប់ទៅតាមឆន្ទៈ។ នេះបើតាមលិខិតចុះហត្ថលេខាដោយឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះហត្ថលេខាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ។

បើតាមក្រសួងព័ត៌មាន ក្នុងរយៈពេលពេញ២៤ម៉ោងនៃថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដែល គ.ជ.ប បានកំណត់ជាថ្ងៃ ស នោះ ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ជាកំហិត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានណែនាំឱ្យម្ចាស់ស្ថានីយ៍វិទ្យុដែលកន្លងមកបានលក់ ឬជួលម៉ោងផ្សាយឱ្យវិទ្យុបរទេស ឬសមាគម អង្គការក្រៅរដ្ឋាភិបាល ឬគណបក្សនយោបាយដើម្បីចាក់ផ្សាយនូវកម្មវិធីព័ត៌មានតាមស្ថានីយ៍របស់ខ្លួននោះ ត្រូវផ្អាករយៈពេញមួយថ្ងៃដូចគ្នាដែរ គឺ២៤ម៉ោងនៃថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២៕

Share.