ពីវេទិកាអធិបតីនៃយុទ្ធការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនៅខេត្តព្រៃវែងនាថ្ងៃសុក្រនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងដែលក៏ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតផងនោះ បានបង្ហើបឱ្យដឹងថារាជរដ្ឋាភិបាលបានដឹងផែនការចំនួន២ដែលក្រុមប្រឆាំងប៉ុនប៉ងធ្វើសកម្មភាពដើម្បីអុកឡុកការបោះឆ្នោត។

ផែនការទី១ត្រូវបានសម្ដេចមានប្រសាសន៍ឱ្យដឹងថា«ពីថ្ងៃមុននេះ គេថាថ្ងៃនេះនឹងមានការប្រមូលមនុស្សរាប់ម៉ឺននាក់ យ៉ាងតិច៣ម៉ឺននាក់ចូលមករាជធានីភ្នំពេញ ដើម្បីដង្ហែរអបអរសាទររបស់គណបក្សណាមួយ ឬដើម្បីអុកឡុកការបោះឆ្នោត។ ប៉ុន្តែកិច្ចការនេះយើងបានធ្វើការហើយ។ មកដល់ម៉ោងនេះដូចជាអត់លឺអ្វីទេ។ ប្រហែលជាអ្នកដែលចង់បំផ្លិចបំផ្លាញការបោះឆ្នោត តែគេនឹងប្រឈមមុខចំពោះនឹងផ្លូវច្បាប់ ប្រសិនណាគេធ្វើបែបហ្នឹង»។

ដោយឡែកផែនទី២វិញ ត្រូវបានសម្ដេចក្រឡាហោម បន្តថានៅថ្ងៃបោះឆ្នោតខាងមុខ មានគណបក្សនយោបាយមួយណែនាំមិនឱ្យសមាជិករបស់ខ្លួនចេញពីកន្លែងបោះឆ្នោត បើទោះបីជាបោះឆ្នោតហើយក៏ដោយ រហូតដល់បោះឆ្នោតចប់ និងត្រៀមតវ៉ាជំទាស់ប្រឆាំងលទ្ធផលបោះឆ្នោត និងអុកឡុកការបោះឆ្នោត។ សម្ដេចបន្ថែមថា«រឿងនេះគេធ្លាប់ធ្វើហើយ…កាលពីបោះឆ្នោតឆ្នាំ២០១៣»។

ដោយគូសបញ្ជាក់ជាមុនថា«ខ្ញុំមិនមែនគម្រាមទេ» សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា«បោះឆ្នោតហើយ​ មិនអាចនៅក្នុងរង្វង់ដែលគេហាមប៉ុន្មានម៉ែត្រនោះបានទេ ត្រូវតែចេញពីក្រៅហ្នឹង។ ប៉ុន្តែបើ[បោះឆ្នោត]រួចហើយអុកឡុកការបោះឆ្នោត រំខានការបោះឆ្នោត ឬក៏រំខានការរាប់សន្លឹកឆ្នោត អាហ្នឹងអត់មានជម្រើសណាក្រៅតែពីការអនុវត្តតាមផ្លូវច្បាប់ទេ។ សូមទោស អាហ្នឹងវាត្រូវអ៊ីចឹង»។

កាលពីថ្ងៃទី២ មិថុនាម្សិលមិញ សម្ដេច ស ខេង ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនឱ្យគណបក្សនយោបាយ និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ខេត្តណាមួយផ្សេងក្នុងសេចេតនាបង្កអសន្តិសុខ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមសំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត។

ថ្វីដ្បិតមិនបានបញ្ចេញឈ្មោះគណបក្សដែលប៉ុនប៉ងធ្វើសកម្មភាពអុកឡុកការបោះឆ្នោតក៏ពិតមែន ប៉ុន្តែពីវេទិកាឃោនាបោះឆ្នោតនេះសម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ពិសេសអ្នកបញ្ជាផែនការនេះដែលសម្ដេចអះអាងថានៅឯនាយសមុទ្រ។ «អ្នកមេខ្លោងដែលធ្វើក៏កុំធ្វើ ហើយអ្នកដែលត្រូវបានគេញុះញង់ឱ្យធ្វើក៏កុំធ្វើ ដើម្បីកិត្តិយសមុខមាត់ប្រទេសជាតិ ទោះបីគណបក្សខ្លួនទទួលបានលទ្ធផលយ៉ាងណាក៏ដោយ យើងត្រូវគោរពលទ្ធផលនោះ»៕

Share.