ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League 2021 នឹងបន្តប្រកួតនៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះដំណាលគ្នា ដោយក្រុមម្ចាស់ផ្ទះអគ្គីសនីកម្ពុជា ត្រូវជួបក្រុមអ្នកជិតខាងវិសាខា និងក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ក្នុងខេត្តសៀមរាប ទទួលក្រុមភ្ញៀវបឹងកេត។

*អគ្គីសនីកម្ពុជា ប៉ះវិសាខា (ផ្សាយតាមហ្វេសប៊ុករបស់ CNCC)
ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ត្រូវជួបក្រុមបាល់ទាត់វិសាខា លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ក្នុងទឹកដីរបស់ខ្លួន ខណៈក្រុមដែលដឹកនាំដោយលោក មាស សំអឿន នេះប្រើប្រាស់កីឡាករខ្មែរសុទ្ធ។ រឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ៣ប្រកួតកន្លងមករបស់អគ្គីសនីកម្ពុជា គឺទាត់ចូលទីគូប្រកួតគ្រប់ការប្រកួត មិនថាប្រកួតនោះលទ្ធផលចាញ់ ឬ ឈ្នះនោះទេ។ គ្រាប់បាល់៥គ្រាប់របស់អគ្គីសនីកម្ពុជា កន្លងមករកបានដោយកីឡាករ ផាច សុជាវីឡា, យ៉ាន់ សុខា, ឃួន សេងថៃ,ឈឿង ឆៃនុត និងសា ទី។
ចំណែកក្រុមវិសាខា វិញមាន៥ពិន្ទុក្នុងដៃ ខណៈក្រុមមួយនេះមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេ គឺរហូតដល់៧រូប ក្នុងនោះមានកីឡាករខ្មែរ៦រូប និងកីឡាករជនជាតិអាហ្វហ្គានីស្ថាន ១រូប។ លោកColum Curtis គ្រូបង្វឹកក្រុមវិសាខា កំពុងត្រូវការពិន្ទុខ្លាំង ដើម្បីប្រជែងតំបន់កំពូលតារាង ខណៈក្រុមនេះមានអម្រែក៣ ដើម្បីបំពេញនៅក្នុងឆ្នាំ២០២១ មានទាំងការពារតំណែងជើងឯកពានសម្តេចតេជោ ហ៊ុន សែន ប្រជែងពានលីគកំពូលកម្ពុជា និងចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2021។ កីឡាករនីហ្សេរីយ៉ា Ajayi Opeyemi Korede រកបានគ្រាប់បាល់២គ្រាប់ឱ្យក្រុមនាពេលកន្លងមក ខណៈកីឡាករអាហ្វ្រិកខាងត្បូង Mohammed Khan និង រ៉ឹម ប៊ុនហៀង រកបានម្នាក់១គ្រាប់។

*សូលទីឡូអង្គរ ប៉ះបឹងកេត (ផ្សាយតាមប៉ុស្តិ៍ BTV)
ក្រុមបាតតារាងសូលទីឡូអង្គរ ដែលឆ្លងកាត់៤ប្រកួតមកនេះរបូតគ្រាប់បាល់១៨គ្រាប់ ត្រូវទទួលក្រុមជើងឯកឆ្នាំចាស់បឹងកេត ដែលមិនទាន់មានពិន្ទុកាន់ដូចគ្នា លើទីលានកីឡដ្ឋាន SRU ក្នុងទីរួមខេត្តសៀមរាប។ សូលទីឡូអង្គរ ដឹកនាំដោយលោកគ្រូបង្វឹកជនជាតិអង់គ្លេស Darren Pomroy ទើបតែទាត់ចូលទីគូប្រកួតបាន២គ្រាប់ប៉ុណ្ណោះ ដោយថ្វីជើងកីឡាករ Yannick Francois និងកីឡាករ រ័ត្ន សំណាង។
ចំណែកក្រុមបឹងកេត វិញត្រូវការពិន្ទុជាចាំបាច់ដើម្បីរកឱកាសប្រដេញកំពូលតារាងឡើងវិញ ក្រោយបរាជ័យ៣ប្រកួតជាប់ៗគ្នា។ លោកគ្រូបង្វឹក គឹម ភក្ដី ហាក់នៅត្រូវការពេលវេលាកែប្រែកូនក្រុមច្រើន ដើម្បីពង្រឹងបច្ចេកទេស មុនចូលរួមប្រកួតពានរង្វាន់ AFC Cup 2021 មកដល់ផង និងត្រូវការពារតំណែងជើងឯកឆ្នាំចាស់ក្នុងលីគកំពូលកម្ពុជា ផងដែរ។
ក្រោយចប់ការប្រកួតនេះ ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវសម្រាករហូតដល់កក្កដា ទើបចាប់ផ្ដើមប្រកួតឡើងវិញ ព្រោះក្នុងខែមិថុនា មានសកម្មភាពប្រកួតលើកឆាកអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមវិសាខា និងបឹងកេត ក្នុងពាន AFC Cup 2021៕
