អាមេរិក​ – ថ្វី​ត្បិត​តែ​អាពាហ៍​ពិពាហ៍​រវាង​ Johnny Depp និង​ Amber Heard មាន​រយៈ​ពេល​ខ្លី​គឺ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ ប៉ុន្តែ​លោក​ប្រើ​ពេល​វេលា​រាប់​ឆ្នាំ​ប្ដឹងផ្ដល់​គ្នា​ជាមួយ​នឹង​អតីត​ភរិយា​ដើម្បី​បដិសេធ​ពាក្យ​ចោទ​ប្រកាន់​ថា​លោក​ប្រើ​ហិង្សា​លើ​នាង​។

ទី​បញ្ចប់​ការ​តស៊ូ​ក្ដី​ដ៏ស្វិតស្វាញ​រវាង​បុគ្គល​ល្បី​ក្នុង​រង្វង់​សិល្បៈ​ហូលីវូដ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​នា​ថ្ងៃ​ទី​១ ខែ​មិថុនា​ ឆ្នាំ​២០២២ បន្ទាប់​ពី​ការ​តស៊ូ​ក្ដី​ដែល​ចាប់​ផ្ដើម​តាំង​ពីពាក់​កណ្ដាល​​ឆ្នាំ​២០១៩​ បាន​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ​២០២២​នេះ​។​ តុលាការ​អាមេរិក​បាន​សម្រេច​កាត់​ក្ដី​ឱ្យ​នាង​ Amber Heard បង់​ប្រាក់​ពិន័យ​សង​​ជំងឺ​ចិត្ត​ចំនួន​ ១០.៣៥​លាន​ដុល្លារ​ ខណៈ​ដែល​ Depp ត្រូវ​​ចាយ​លុយ​ឱ្យ​អតីត​ភរិយា​ចំនួន​២​លាន​ដុល្លារ​អាមេរិក។

ការ​ពន្យា​ពេល​រឿង​ក្ដី​នេះ​គឺ​ដោយសារ​តែ​អ្នក​ទាំងពីរ​សុទ្ធ​តែ​ជា​តារា​មាន​តារាង​ការងារ​ដ៏​មមាញឹក​ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ Johnny រវល់​ក្នុង​បណ្ដឹង​ដែល​លោក​បាន​ប្ដឹង​កាសែត​អង់គ្លេស​ The Sun ដែល​ប្រើ​ពាក្យ​ហៅ​លោក​ថា​ «ប្រុស​វ៉ៃ​ប្រពន្ធ»។ ក្នុង​តុលាការ​លោក​ថែម​ទាំង​ចោទ​ប្រកាន់​ប្រពន្ធ​ថា​មាន​សាហាយ​ជាមួយ​នឹង​មហាសេដ្ឋី Elon Musk និង​​អ្នក​កំប្លែង​ James Franco។

ទោះ​ជា​អតីត​មិត្ត​ស្រី​របស់​លោក​គឺ​នារី​ម៉ូដែល​បារាំង​នាង Vanessa Paradis បាន​ផ្ញើ​សំបុត្រ​ទៅ​តុលាការ​អះអាង​ថា​ Johnny Depp មិនមែន​ជា​ពពួក​ប្រើ​ហិង្សា​ក្ដី​ ប៉ុន្តែ​តុលាការ​អង់គ្លេស​នៅ​តែ​កាត់​ឱ្យ​លោក​ចាញ់​កាសែត​ The Sun ដោយ​សរុប​សេចក្ដី​ថា​លោក​ពិត​ជា​វាយប្រពន្ធ​មែន​។ ដោយ​កាល​ណោះ​ Depp ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ព្រោះត្រូវ​គេ​លុបចោល​កុងត្រា​ថត​ និង​ត្រូវ​សងថ្លៃ​ខូចខាត​ចំពោះ​តួ​អង្គ​ដែល​លោក​សម្ដែង​ទៀត​ផង​។

ងាក​មក​ការ​ឈ្នះ​ក្ដី​លើ​អតីត​ភរិយា​ Johnny Depp បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក​ថា​ «៦​ឆ្នាំ​មុន​ ជីវិត​ខ្ញុំ​ ជីវិត​កូន​របស់​ខ្ញុំ​ ជីវិត​មនុស្ស​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ មនុស្ស​ដែល​ជឿជាក់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ត្រឹម​តែ​មួយ​ប៉ព្រិច​ភ្នែក​…ប៉ុន្តែ​៦​ឆ្នាំ​ក្រោយ​ចៅក្រម​បាន​ផ្ដល់​ជីវិត​ចាស់​របស់​ខ្ញុំ​ត្រលប់​មក​វិញ​។ ខ្ញុំ​ពិត​ជា​អរគុណណាស់​»

នាង​ Amber Heard បាន​បោះ​សម្ដី​នៅ​ក្នុង​តុលាការ​ថា​ «នេះ​គឺជា​ការ​ដើរ​ថយ​ក្រោយ​ចំពោះ​ការ​មើល​ឃើញ​​ថា​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​ចាំ​បាច់​គួរ​តែ​ត្រូវ​រឹត​បន្តឹង​ឱ្យ​ខ្លាំង​» នាង​ថែម​ទាំង​មាន​បំណង​ប្ដឹង​ឡើង​ទៅ​កាន់​តុលាការ​កំពូល​ថែម​ទៀត​ផង​៕

Share.