John Cena កីឡាកាស WWE និងជាតារាសម្ដែងល្បីហូលីវូដបានចេញមកសុំទោសចំពោះអ្នកគាំទ្រជនជាតិចិនដែលលោកបានហៅកោះតៃវ៉ាន់ថាជាប្រទេស ប៉ុន្តែជនជាតិចិនមិនទាន់ពេញចិត្តចំពោះការសុំទោសរបស់លោកនោះទេ។
យោងតាមសារព័ត៌មាន Taiwan News កីឡាករបោកចំបាប់និងជាតារាសម្ដែងជនជាតិអាមេរិក John Cena បានសុំទោសចំពោះជាភាសា Madarin កាលពីថ្ងៃអង្គារ (២៥ ឧសភា) ក្រោយជនជាតិចិនខឹងសម្បារដែលលោកបានហៅកោះតៃវ៉ាន់ថាជាប្រទេស។

កាលពីថ្ងៃទី៨ ខែឧសភា TVBS បានបញ្ចេញវីដេអូមួយដែល John Cena បានឃោសនាពីភាពយន្តខ្នាតធំរឿង «Fast & Furious 9» ជាភាសា Madarin ដើម្បីបង្ហាញជូនអ្នកទស្សនាតៃវ៉ាន់។ ក្នុងវីដេអូនោះ Cena បានសង្កត់ថា Taiwan គឺជាប្រទេសទីមួយដែលបានទស្សនាភាពយន្តខ្នាតធំ «Fast & Furious 9» ព្រមទាំងនិយាយទៀតថា អ្នកគឺជាមនុស្សដំបូងដែលបានទស្សនាភាពយន្តនេះ។
ប៉ុន្តែដោយសារតែមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ មួយសប្ដាហ៍ក្រោយមក Taipei និង New Taipei កាលពីថ្ងៃទី១៥ ខែឧសភា បានរឹតបន្តឹងការឆ្លងជំងឺកូវីដឈានដល់កម្រិតទីបី ហើយនៅថ្ងៃទី១៩ខែឧសភា ការរឹតបន្តឹងបានឈានទៅបិទគ្រប់យ៉ាងដែលហុចផលឱ្យភាពយន្តដែលត្រូវបញ្ចាំងនៅថ្ងៃទី១៩ ក៨ត្រូវបានព្យួរការបញ្ចាំងព្រោះរោងកុនទាំងអស់ត្រូវបានបិទទ្វារដោយអនុវត្តទៅតាមការរឹតបន្តឹងដំណាក់កាលទីបី។
ខណៈដែលនៅប្រទេសចិន ភាពយន្តនេះមានកំណត់បញ្ចាំងនៅថ្ងៃ ទី២១ ខែឧសភា តែវីដេអូដែល John Cena ធ្វើការឃោសនានេះបានទៅល្បីនៅប្រទេសចិនដែលធ្វើឱ្យជនជាតិចិនមានការខឹងសម្បាររហូតបញ្ចេញជាមតិផ្សេងៗលើបណ្ដាញសង្គមរបស់ប្រទេសចិនជាច្រើនដូចជា៖ «អ្នកឯងមិនចេះភាសាចិនទេបិទមាត់ទៅ!» ។
សន្និសីទមុនការបញ្ចាំងភាពយន្តនេះនៅថ្ងៃទី១៨ នៅទីក្រុងស៊ាងហៃត្រូវបានលុបចោលដោយខ្លាចមានបញ្ហាណាមួយកើតឡើងនេះបើយោងតាមការផ្សាយរបស់ Apple Daily
ដោយខ្លាចរឿងនេះធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលក្នុង Box Office នៅក្នុងទីផ្សារធំនៅប្រទេសចិន John Cena បានផុសវីដេអូនៅលើ Weibo ដោយភាសា Madarin និយាយថាលោកបានសម្ភាសន៍វីដេអូជាច្រើនដើម្បីឃោសនាភាពយន្តនេះ ដូច្នេះក្នុងចំណោមវីដេអូទាំងអស់មានវីដេអូមួយដែលលោកមានការភ័ន្តច្រឡំ ដោយលោកបានពោលថា៖ «ខ្ញុំស្រលាញ់និងគោរពប្រទេសចិននិងជនជាតិចិន។ ខ្ញុំពិតជាសុំទោសចំពោះកំហុសនេះ។ ខ្ញុំពិតជាសុំទោសមែនទែនចំពោះកំហុសឆ្គងមួយនេះ»។
ប៉ុន្តែជនជាតិចិនជាច្រើនហាក់មិនពេញចិត្តចំពោះពាក្យសុំទោសរបស់លោកនោះទេ ព្រោះលោកមិនបានបញ្ជាក់ថាតើកោះតៃវ៉ាន់ជាអ្វីឱ្យប្រាកដ។
«លោកគួរតែនិយាយពីកំហុសឆ្គងរបស់ខ្លួន តើកំហុសឆ្គងនោះគឺជាអ្វី»
«ទាសករបរទេសគ្មានគុណធម៌»
«ប្ដូរសម្ដីព្រោះតែលុយ ចេញពីប្រទេសចិនភ្លាមទៅ»
«អ្នកឯងគួរតែផុសវីដេអូហើយនិយាយថាកោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។ សុំទោសគ្មានប្រយោជន៍»
«ដរាបណាអ្នកឯងនិយាយជាភាសាចិនថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទសចិនទើបយើងទទួលយកការសុំទោសរបស់អ្នកឯង»
