ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រត្រយងនៅការិយាល័យបោះឆ្នោតស្ថិតនៅសាលាបឋមសិក្សាព្រៃវែងក្រុង ខេត្តព្រៃវែង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាភាពរលូនល្អនៃដំណើរការបោះឆ្នោតចាប់តាំងពីការឃោសនា រហូតដល់ការបោះឆ្នោតនៅថ្ងៃនេះ គឺកើតចេញពីការត្រៀមលក្ខណៈទាំងបេក្ខជននៃគណបក្សនយោបាយ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ឯកឧត្តមបានកត់សម្គាល់ថា«ប្រជាពលរដ្ឋលោកបានទន្ទឹងរង់ចាំការបោះឆ្នោតនេះ អ៊ីចឹងខ្ញុំគិតថាពួកគាត់ត្រៀមលក្ខណៈ ទាំងការត្រៀមពីប្រជាពលរដ្ឋផង ទាំងការត្រៀមពីបុគ្គដែលលោកជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវឈរឈ្មោះតតាំងគ្នានៅអាណត្តិទី៥នេះ គឺសុទ្ធតែត្រៀមលក្ខណៈបានល្អគ្រប់ៗគ្នា។ ដូច្នេះហើយបានមកដល់ពេលនេះ ទូទាំងប្រទេសមិនទាន់មានសកម្មភាព[មិនប្រក្រតីណាមួយ]គួរឱ្យកត់សម្គាល់នោះទេ»។

ឯកឧត្តម ស សុខា បានកត់សម្គាល់ថាជាការពិតការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជាមានរយៈពេល២០ឆ្នាំមកហើយ ប៉ុន្តែឯកឧត្តមបានអត្ថាធិប្បាយបន្ថែមថារយៈពេលនេះហាក់នៅក្មេងខ្ចីនៅឡើយសម្រាប់ដំណើរការប្រជាធិបេត្យនៅថ្នាក់ក្រោមជាតិនៅកម្ពុជា។ ឯកឧត្តមបន្តថា«អ៊ីចឹងខ្ញុំគិតថាយើងត្រូវតែបន្តធ្វើការងារនេះទៀតដើម្បីគោលដៅមួយធំបំផុតដែលយើងចង់បានគឺថែរក្សាសុខសន្តិភាព ហើយជាពិសេសស្ថិរភាពនយោបាយ និងផ្ដល់នូវសម្រេចចិត្តនៅថ្នាក់ក្រោមជាតិឱ្យបានច្រើន»៕

Share.