ថ្លែងក្នុងសន្និសីតកាសែតនៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្ត ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឱ្យដឹងថាតាមតួលេខបឋមបណ្ដោះអាសន្ន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនានេះ មានចំនួន៧លាន ១៧២ពាន់ ៤៤៨នាក់។

សូមបញ្ជាក់ថាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង៩លាននាក់។ ដូច្នេះបើតាមឯកឧត្តមប្រធាន គ.ជ.ប ចំនួនពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតនេះ គិតជាភាគរយ គឺស្មើនឹង៧៧,៩១ភាគរយនៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប។

សូមបញ្ជាក់ថាការិយាល័យបោះឆ្នោតទាំង២៣ពាន់ ៦០២ ការិយាល័យទូទាំងប្រទេសបានបើកដំណើរការស្របតាមកាលកំណត់សម្រាប់ឱ្យប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោតនៅថ្ងៃនេះ។ បើតាម គ.ជ.ប ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ ស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕

Share.