ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនៅទីស្ដីការ គ.ជ.ប អំពីហេតុផល និងការយល់ឃើញរបស់ គ.ជ.ប ចំពោះចំនួនពលរដ្ឋជាង១លាននាក់ទៀតដែលមិនបានទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា«ព័ត៌មាន(តួលេខអ្នកបោះឆ្នោតសរុប)វាមិនទាន់គ្រប់១០០ភាគរយទេ ប៉ុន្តែយើងក៏សម្រេចថាវាជាមូលដ្ឋានហើយក៏បានយកមកប្រកាសក្នុងរង្វង់នេះ។ អ៊ីចឹងមានការប្រែប្រួលខ្លះទៀត»។

ឯកឧត្តមបន្តថាទោះបីជាយ៉ាងណាក៏ដោយ ចំនួនពលរដ្ឋបានបោះឆ្នោតជាង៧៧ភាគរយនៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបជាង៩លាននាក់នោះ ជាចំនួនមួយខ្ពស់ ដោយឯកឧត្តមពន្យល់បន្ថែមថា«ប៉ុន្តែប្រជាពលរដ្ឋយើងមួយចំនួនគឺគាត់ប្រហែលជាមិនបានមកទេ នៅក្រៅប្រទេសក៏មានដែរ និងក៏ប្រហែលជាចំនួនច្រើនគួរសមដែរ ហើយដូចជម្រាបជូនអម្បាញ់មិញមានបញ្ហាធាតុអាកាសមួយចំនួន[បះពាល់ការបញ្ជូនទិន្នន័យតាមអ៊ីនធើណែត]ផងក៏រអាក់រអួរដែរ ហើយបញ្ហាផ្សេងទៀតក៏យើងយល់មិនទាន់អស់ដែរ»។

យ៉ាងណាក៏ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ បានចាត់ទុកប្រពលរដ្ឋមួយចំនួនមិនបានមកចូលរួមបោះឆ្នោតនេះថាជារឿងធម្មតានៃការបោះឆ្នោត និងបានអះអាងថាចំនួននេះបើធៀបនឹងបណ្ដាប្រទេសនានាលើសាកលលោក ក៏ប្រហែលជាខ្ពស់គួរសមដែរ។

គ.ជ.ប បានឱ្យដឹងថាតាមតួលេខបឋមបណ្ដោះអាសន្ន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនានេះ មានចំនួន៧លាន ១៧២ពាន់ ៤៤៨នាក់។ ចំនួនពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតនេះ គិតជាភាគរយ គឺស្មើនឹង៧៧,៩១ភាគរយនៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៕

Share.