«ជារួមអ្វីដែលខ្ញុំចង់ឃើញ ក៏ដូចជាប្រជាពលរដ្ឋចង់ឃើញ គឺចង់ឱ្យមានការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យពិតប្រាកដ ហើយក្នុងនោះក៏ថែរក្សានិងអភិវឌ្ឍន៍តំបន់ភូមិឃុំ សង្កាត់របស់ខ្លួនឱ្យបានល្អ នេះជាការងារចំបងធំបំផុតចំពោះអ្នកដែលជាប់ឆ្នោត»។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានបង្ហាញក្ដីប្រាថ្នាក្នុងនាមជាម្ចាស់ឆ្នោតម្នាក់ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី បន្ទាប់ពីការបោះឆ្នោតនេះបិទបញ្ចប់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥បានដំណើរការ។

ដូចពលរដ្ឋទូទៅជាង៧លាននាក់ទៀតដែរ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ម្សិលមិញនេះ ឯកឧត្តម ស សុខា រួមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅការិយាល័យបោះឆ្នោតស្ថិតក្នុងសាលាបឋមសិក្សាព្រៃវែងក្រុង ខេត្តព្រៃវែង។ ចេញពីការិយាល័យបោះឆ្នោត ដោយមានម្រាមដៃជ្រលក់ថ្នាំពណ៌ខ្មៅព្រាលៗនៅឡើយ ឥស្សរជននយោបាយវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជារូបនេះ បានឆ្លៀតផ្ដល់បទសម្ភាសន៍ដល់គេហទំព័រត្រងពាក់ព័ន្ធនឹងការយល់ឃើញអំពីដំណើរការបោះឆ្នោតនេះ និងក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិថ្មី។

បន្ទាប់ពីបានផ្ដល់ទស្សនៈយល់ឃើញជាវិជ្ជមានចំពោះដំណើការបោះឆ្នោត​ ចាប់តាំងពីការឃោសនាបោះឆ្នោត១៤ថ្ងៃ រហូតដល់ព្រឹកថ្ងៃបោះឆ្នោតថាបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាហើយនោះ ឯកឧត្តម បានមានប្រសាន៍បន្ថែមអំពីការក្ដីប្រាថ្នាចង់ឃើញថ្នាក់ដឹកនាំឃុំ សង្កាត់បំពេញភារកិច្ចដោយគ្មានការរើសអើង និងព្រងើយកន្តើយ។ «ខ្ញុំមិនចង់ឃើញភាពព្រងើយកន្តើយឡើយ ចង់ឃើញតម្លាភាព អ្នកជាប់ឆ្នោតមិនមែនបម្រើតែពលរដ្ឋគាំទ្រគណបក្សនយោបាយណាមួយនោះទេ ត្រូវតែបម្រើប្រជាពលរដ្ឋទូទៅ ទោះគេមិនបោះឆ្នោតឱ្យក៏ដោយ យើងត្រូវតែបំពេញកាតព្វកិច្ចនេះ នេះជាសារមួយដ៏សំខាន់ ព្រោះកន្លងមកមានការយល់ច្រឡំថាបើគាត់ជាប់ឆ្នោតទៅគាត់បម្រើតែពលរដ្ឋគាំទ្របក្សគាត់ តាមពិតមិនមែនទេ គឺបម្រើទាំងអស់»។

បើតាមឯកឧត្តម ស សុខា ពលរដ្ឋម្ចាស់ឆ្នោតជាស្ដេចនៃសន្លឹកឆ្នោត ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់​ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ ត្រូវតាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងត្រឹមត្រូវ បំពេញភារកិច្ចឱ្យបានទូលំទូលាយ និងច្បាស់លាស់ ដោយឯកឧត្តមបានផ្ដល់ការពន្យល់បន្ថែមថា«ដោយសាររាជរដ្ឋាភិបាលបានទំលាក់ធនធាន ជាពិសេសធនធានថវិកាកាន់តែច្រើនឱ្យរដ្ឋបាលឃុំ សង្កាត់»។

ទន្ទឹមគ្នានឹងការរៀបចំបោះឆ្នោតឃុំ សង្កាត់ ជាទៀងទាត់ដែលមានពលរដ្ឋអញ្ជើញទៅបោះឆ្នោតយ៉ាងលើសលុបនោះ ឯកឧត្តមក៏បានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលឃុំ សង្កាត់ ថាជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសុខសន្តិភាព ស្ថិរភាពជាតិ និងប្រជាធិបេតេយ្យនៅកម្ពុជា ទាំងបច្ចុប្បន្ន និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយទៀតផង៕

Share.