សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ហាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គស.អ) បានចេញលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និង បណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈរបស់ខ្លួន»។ នេះផ្នែកមួយនៃលិខិតសម្ដេច ស ខេង។

បើតាមសម្ដេចក្រឡាហោម ដំណើរការប្រព្រឹត្តទៅដោយជោគជ័យក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មាន អំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានធ្វើឡើងចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។ ការបោះឆ្នោតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

យ៉ាងណាក៏ដោយគណបក្សនយោបាយខ្លះបានសម្ដែងការមិនពេញចិត្តនឹងការបោះឆ្នោត ខណៈគណបក្សខ្លះទៀតបានបង្ហាញការគាំទ្របើទោះបីជាបក្សខ្លួនទទួលបានសំឡេងឆ្នោតតិចតួច ឬមិនឈ្នះបានអាសនៈឃុំ សង្កាត់ សូម្បីតែមួយក៏ដោយ។ គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈលើសលុបនៅក្នុងការបោះឆ្នោតនេះ៕

Share.