គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតបំភ្លឺ២ទំព័រឆ្លើយតបនឹងការវាយតម្លៃជាអវិជ្ជមានចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាពីសំណាក់គណបក្សភ្លើងទៀន។ គ.ជ.ប បានបំភ្លឺចំៗចំពោះបញ្ញត្តិច្បាប់ដែលចែងកំណត់អំពីជនដែលត្រូវបានអនុញ្ញាតឱ្យចូលការិយាល័យរាប់សន្លឹកឆ្នោត។

គណបក្សភ្លើងទៀនបានអះអាងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថានៅថ្ងៃបោះឆ្នោតស្ទើរគ្រប់មណ្ឌលបោះឆ្នោតទូរទាំងប្រទេសដែលយកសាលារៀនជាទីតាំងបានត្រូវបិទទ្វារបង ចាប់ពីម៉ោង៣រសៀល ហើយបណ្ដេញពលរដ្ឋចេញមិនឲ្យនៅតាមដានការរាប់សន្លឹកឆ្នោត និងថាភ្នាក់ងារគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនត្រូវគេបណ្តេញឲ្យនៅក្រៅ ការិយាល័យបោះឆ្នោត នៅពេលរាប់សន្លឹកឆ្នោតជាដើម។

គ.ជ.ប បានបំភ្លឺតបថា យោងមាត្រា៣០នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ៥.៦.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា “ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត”។

បើតាម គ.ជ.ប ជនទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងរួមមានមន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត, ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យ រាប់សន្លឹកឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់។

តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប អះអាងទៀតថាខ្លួនបើកសិទ្ធិឱ្យគណបក្សនយោបាយ ប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយដែលខ្លួនបានសង្កេតឃើញនៅថ្ងៃបោះឆ្នោត និងថាគ.ជ.ប នឹងរង់ចាំទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប៕

Share.