សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធធន់ធ្ងន់ទំនើបៗបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់សម្រាប់កិច្ចការពារខ្លួនឱ្យសមស្របក្នុងការគំរាមកំហែងពីប្រទេសនានា។

សម្តេចពិជ័យសេនាបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ បើតាមសម្ដេច កម្ពុជាក៏ទទួលយកជំនួយជាអាវុធគ្រប់ធន់ គ្រាប់រំវេសជានិច្ចពីប្រទេសជាមិត្តផងដែរ។

សម្ដេចប្រមុខការពារជាតិកម្ពុជាបានមានប្រសាសន៍ថា «បច្ចុប្បន្នយើងកំពុងធ្វើការហឺកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅ ពេលអនាគត នៅពេលខាងមុខកម្ពុជានឹងទទួលជំនួយពីប្រទេសជាមិត្ត ហើយនឹងទិញអាវុធ ធន់ធ្ងន់ ទំនើបៗ»។

សម្តេចពិជ័យសេនាក៏បានសង្កត់ធ្ងន់ដែរថាការទិញសម្ភារសឹក ធន់ធ្ងន់ទំនើបៗពីប្រទេសនានាសម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួនស្របតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយថាកម្ពុជាគ្មានចេតនាគំរាមកំហែងប្រទេសណាមួយ និងក៏មិនជំទាស់រាល់ការពង្រឹងសមត្ថភាពកងទ័ពប្រទេសដទៃដែរ៕

Share.