អ្នកនាង ពេជ្រ សោភា បានផុស Caption មួយដែលធ្វើឱ្យអ្នកគាំទ្រអស់សំណើចគ្រប់ៗគ្នា ព្រោះនៅក្នុងសំណេរនោះបង្ហាញនូវរូបភាពដែលលោក ឈឹម សក្កដា គូស្នេហ៍របស់អ្នកនាងបង្ហាញ មុខជាំ លើ Facebook Page ផ្លូវការរបស់រូបលោក។
រឿងរ៉ាវគួរឱ្យអស់សំណើចនេះមានដំណើរដើមទងពីដំបូងឡើយ ពោលគឺកាលពីថ្ងៃអង្គារ (២៥ ឧសភា) លោក ឈឹម សក្កដា បានផុសរូបគូលក្ខណៈស្និទ្ធស្នាលជាមួយនឹងអ្នកនាង ពេជ្រ សោភា នៅលើផេកផ្លូវការរបស់លោក ប៉ុន្តែក្នុងសំណេរនោះលោកបានផុសថា ៖ «ថតរូបផុសលេងទេ កុំយល់ច្រឡំ» ហើយនៅពេលដែលលោកផុសរួចរាល់ហើយនោះស្រាប់តែអ្នកនាង ពេជ្រ សោភា បានចូលមក Share សំណេររបស់លោកដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា ៖ «មានន័យយ៉ាងម៉េច? ច្រឡំយ៉ាងម៉េច?»។
រហូតឈានចូលមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ឈឹម សក្កដា បានផុសរូបលោក មានមុខជាំអមជាមួយសំណេរខ្លីនិងរូបយំដែលធ្វើឱ្យហ្វេនដែលបានឃើញហើយអស់សំណើចគ្រប់ៗគ្នាថា ៖ «លទ្ធផល Caption ម្សិលមិញ»។ យ៉ាងណាមិញបន្ទាប់ពីលោកបានផុសហើយ ៣ម៉ោងក្រោយមកផេកផ្លូវការរបស់ អ្នកនាង ពេជ្រ សោភា បានចូលមក Shareនូវ Status របស់លោក ឈឹម សក្កដា ព្រមទាំងភ្ជាប់ជាមួយនឹងសំណេរខ្លីថា៖
«ស្អប់ណាស់ Caption ចេញមកដូចខ្លួនឯង Single ទៅដល់ផ្ទះ គេវ៉ៃតែ៣ដៃសោះ ព្រឹកឡើងដូចធ្ងន់ធ្ងរនោះ»។
អ្នកគាំទ្រតារាទាំងពីរដួងក្រោយបានឃើញសំណេរឆ្លើយឆ្លង Share គ្នាទៅវិញទៅមករវាងតារាទាំងពីរដួងខាងលើបានចូលមកបញ្ចេញយោបល់និងអស់សំណើចចំពោះអ្វីដែលតារាទាំងពីររូបខាងលើនេះបានព្យាយាមបង្កនូវបរិយាកាសរីករាយមួយក្នុងកាលៈទេសៈដែលមជ្ឈដ្ឋានមហាជនកំពុងតែស្មុគស្មាញដោយសារតែបញ្ហាជំងឺកូវីដ-១៩ មិនទាន់បានធូរស្រាលនៅឡើយ ដូច្នេះការលេងសំណើចបែបនេះក៏អាចចាត់ទុកថាជារឿងមួយជួយសម្រួលបរិយាកាសតានតឹងផងដែរ៕
