ជាង៣ខែក្រោយក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គការ និងសមាគមចំនួន៩នៅកម្ពុជា។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា អង្គការ និងសមាគមដែលចុះអនុស្សារណៈយោគយល់គ្នាជាមួយAPAនាឱកាសនេះរួមមានអង្គការលើកកំពស់ជីវភាពកសិករ,សមាគមពិធីករ ពិធីការិនីកម្ពុជា, អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា, សមាគមនិស្សិត សិស្សខេត្តព្រៃវែង, អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន, សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា, អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក, អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា និងអង្គការត្បូងទទឹមកម្ពុជា។

បើតាមឯកឧត្តម ទូច វណ្ណៈ អនុស្សរណៈ នៃការយោគយល់នេះមានគោលបំណងសហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ, ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម, ចែករំលែកបទពិសោធន៍ ជំនាញវិជ្ជាជីវៈ ធនធានមនុស្សឱ្យគ្នាទៅវិញទៅមក, បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់នានា តាមលទ្ធភាព, រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យគ្នាទៅវិញទៅមក និងរួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា កសិកម្ម អប់រំ កីឡា ដែលជាប្រយោជន៍ដល់ប្រទេសជាតិ ។

ឯកឧត្តម ស សុខា បានសម្ដែងការកោតសរសើរចំពោះលទ្ធផលនៃការប្រឹងប្រែងរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យរហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការសមាគមចំនួន៩បន្ថែមទៀតនាថ្ងៃនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអង្គការសមាគមទាំងអស់រួមទាំងថ្នាក់ដឹកនាំអង្គការសមាគមនាថ្ងៃនេះដែលបានចូលរួមពង្រឹងសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថាលំហរបេសកកម្មរបស់អង្គការសមាគមនៅកម្ពុជាពិតជាមានភាពទូលំទូលាយ និងសម្បូរបែប។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាដៃគូរបស់IPAដែលបានធ្វើបេសកម្មពាក់ព័ន្ធនឹងការជំរុញការលើកកម្ពស់វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងកសិកម្មជាមួយរាជរដ្ឋាភិបាល។ 

ក្នុងនាមជាប្រធានកិត្តិយសសមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ ឯកឧត្តមបានផ្ដល់អនុសាសន៍ឱ្យភាគីហត្ថលេខីរៀបចំផែនការសកម្មភាព និងកម្មវិធីការងារអោយច្បាស់លាស់ ជាក់លាក់ ដើម្បីងាយស្រួលអនុវត្តការងារ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក ធានាឱ្យមានធនធានគ្រប់គ្រាន់ ទាំងធនធានមនុស្ស ថវិកា ឧបករណ៍ សម្ភារៈប្រើប្រាស់សំដៅឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានកំណត់។

ឯកឧត្តមក៏បានណែនាំឱ្យរៀបចំក្រុមការងារទទួលខុសត្រូវអោយបានច្បាស់លាស់ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យបានរលូន ឆ្លើយតបទៅនឹងអ្វីដែលដៃគូយើងចង់បាន រៀបចំនិងកំណត់ឱ្យមានការប្រជុំផ្លាស់ប្តូរយោបល់ និងវាយតម្លៃទៅលើការអនុវត្តកិច្ចសហប្រតិបត្តិលើអនុស្សរណៈ រវាងអង្គការ សមាគម ទាំង១០ឱ្យបានទៀងទាត់ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល លើកិច្ចការងារសង្គមមនុស្សធម៌ ការលើកកម្ពស់ការងារអប់រំ បរិស្ថាន ធនធានធម្មជាតិ សំដៅបង្កើនការយល់ដឹង និងឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាសមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA ត្រូវបានបង្កើតឡើងដោយក្រុមបញ្ញាវន្តខ្មែរ ពិសេសអ្នកមានជំនាញ និងអាជីពជាអ្នកសារព័ត៌មាន និងត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងចងក្រងអង្គភាពសារព័ត៌មាននានជាសម្ព័ន្ធ, ស្វែងរក និងការពារផលប្រយោជន៍នានារបស់អង្គភាពសារព័ត៌មានជាសមាជិក, ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយគោលនយោបាយ និសមិទ្ធផលរាជរដ្ឋាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ, ចូលរួមសកម្មភាពសង្គម មនុស្សធម៌ និងការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាព៕

Share.