ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅម្ដុំហាងម៉ាស្សាហ៍កោសជប់ បានសម្ដែងក្ដីបារម្ភពីមុខរបរមួយនេះថា អាចមានបង្កប់សេវាផ្លូវភេទ ជាអ្វីដែលពួកគាត់ព្រួយបារម្ភដល់ការជះឥទ្ធិពលមិនល្អសម្រាប់ក្មេង ដែលជាកូនចៅរបស់ពួកគាត់។​

អ្នករស់នៅម្ដុំហាងម៉ាស្សាកោសជប់ទាំងនោះ បាននិយាយប្រាប់ត្រយងថា សកម្មភាពនារីម៉ាស្សាកោសជប់ បានតុបតែងខ្លួនស្អាតៗ ហើយអង្គុយជុំគ្នា មានពេលខ្លះបោយដៃហៅភ្ញៀវ ហាក់ដូចជាបង្ហាញអាកប្បកិរយា មិនត្រឹមតែរកស៊ីម៉ាស្សាកោសជប់នោះទេ ហើយពួកគាត់បានចោទជាសំណួរថា តើមុខរបរម៉ាស្សាកោសជប់នេះ មានបង្កប់សេវាផ្លូវភេទ?

ប្រសិនបើមានបង្កប់នូវសេវាផ្លូវភេទ ហើយមុខរបរនេះកាន់តែសាយភាយច្រើនឡើងៗ គឺធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរផង និងជះឥទ្ធិពលមិនល្អដល់ក្មេងៗ​ដែលកំពុងរស់នៅក្បែរមុខរបរនេះ ដែលបានបើករកស៊ី ២៤ម៉ោងលើ២៤ម៉ោង។​

មុខរបរម៉ាស្សាកោសជប់ ដែលកំពុងរីកដូចផ្សិតនេះ គឺមាននៅទីតាំងហាងម៉ាស្សាជាច្រើនកន្លែងនៅតាមបណ្ដោយផ្លូវបេតុងភ្លឺប្រឡាយលូប្រាំ នឹងផ្លូវបេតុងភូមិឬស្សី១​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រជាពឡរដ្ឋបានលើកឡើងទៀតថា មុខរបរនេះ បានអូសទាញបុរសៗ ទាំងយុវជន និងយុវចាស់ចេញចូលមិនដាច់ ហើយអ្វីដែលមានការព្រួយបារម្ភ ក្រៅពីមុខរបរនេះបង្កប់សេវាផ្លូវភេទ ក៏មានការព្រួយបារម្ភ​ពីការពពាក់ពពូន នៃការប្រើប្រាស់គ្រឿងញៀន ព្រោះមានពេលខ្លះមានក្មេងជំទង់ៗជាក្រុមៗជួបជុំ​គ្នាផងដែរ។​

ប្រជាពលរដ្ឋដែលរស់នៅជិតខាងទីតាំងខាងលើបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយត្រួតពិនិត្យមើលហាងម៉ាស្សាកោសជប់នៅក្នុងមូលដ្ឋានផងដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

តើមុខរបរកោសជប់ ម៉ាស្សាមានបង្កប់សេវាផ្លូវភេទ? ចុះអ្នកវិញ គិតយ៉ាងដូចម្ដេច?

អត្ថបទ៖ សាវី

Share.