ថ្លែងក្នុងសន្និសីទកាសែតរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើសុំការអនុគ្រោះពីសាធារណជន ប្រសិនបើប្រទះឃើញក្រុមការងាររដ្ឋករទឹកចុះទៅកាត់ និងជីកផ្លូវតូចធំ រួមទាំងផ្លូវដែលទើបតែសាងសង់រួចផងនោះ។

ឯកឧត្តមអគ្គនាយករដ្ឋករទឹកទទួលស្គាល់ថាកន្លងមកមានការរិះគន់ចំពោះករណីនេះ ប៉ុន្តែបានអះអាង ការងារនេះគឺដើម្បីបំរើឱ្យការបង្កប់ទុយោទឹកធំៗក្នុងគម្រោងពង្រីកសក្ដានុពលចែកចាយទឹកនៅក្នុងរាជធានីភ្នំពេញ និងថាដោយសារ«យើងខ្ញុំមិនមានជម្រើស»។ ឯកឧត្តមក៏ស្នើសុំការខន្តីអភ័យទោសពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ រួមទាំងអ្នកកាសែតចំពោះករណីនេះ។

ឯកឧត្តម ឡុង ណារ៉ូ បានឱ្យដឹងដែរថាមែនទែនទៅ ការងារចុះកាត់និងជីកកាត់ផ្លូវដើម្បីបង្កប់ទុយោទឹកស្អាតនេះ បានទទួលការជួយសម្រួល និងអនុគ្រោះពីអភិបាលរាជធានីភ្នំពេញ និងមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ហើយថា«រដ្ឋករទឹកក៏បានជួសជុលផ្លូវទាំងនោះឡើងវិញឱ្យបានស្អាតដូចដើមដោយចំណាយថវិកាវិនិយោគរបស់រដ្ឋករទឹក»។

សូមបញ្ជាក់ថាកន្លងមកសាធារណជន រួមទាំងពលរដ្ឋអ្នកដំណើរ ពលរដ្ឋមានទីលំនៅ និងអាជីវកម្មអមសងសាងផ្លូវ រួមទាំងអ្នកកាសែតផងនោះ បានបង្ហាញការមិនពេញចិត្តនៅពេលមានការកាត់ និងជីកផ្លូវ ពិសេសផ្លូវដែលទើបស្ថាបនារួច ដើម្បីបង្កប់ទុយោ ឬដាក់លូជាដើម។ ការរិះគន់បានចោទជាសំនួរថាហេតុម្ដេចមិនព្រមដាក់ទុយោ ឬដាក់លូនោះតំណាលគ្នាក្នុងពេលធ្វើផ្លូវតែម្ដង?

Share.