ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែមិថុនានេះ បានអំពាវនាវដោយទទូចឱ្យប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ជំងឺពងបែកដៃជើងនិងក្នុងមាត់។ ការអំពាវនាវគឺបន្ទាប់ពីក្រសួងបានេកឃើញជារប៉ះរប៉ោះនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្តាខេត្តមួយចំនួន។

បើតាមក្រសួងសុខាភិបាល ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ និងបានកើតមាននៅកម្ពុជាតាំងពីឆ្នាំ២០១២ និងមានវត្តមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។

ក្រសួងបានណែនាំឱ្យដឹងថារោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ គឺជាទូទៅគឺក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល១ ទៅ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។

ក្រសួងបានព្រមានថារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ សន្លឹម ទន់អវៈយវៈ និងប្រកាច់ ឬកន្ត្រាក់ដៃជើង និងពិបាកដកដង្ហើម ហត់។ ក្នុងករណីឃើញរោគសញ្ញាទាំងអស់នេះនៅលើកូន ក្រសួងណែនាំឪពុកម្ដាយឬ អាណាព្យាបាលស្វែងរកសេវាព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។

ជាជម្រើសព្យាបាលកុមារដែលមានជំងឺពងបែកនៅដៃជើង និង ក្នុងមាត់ គឺមិនមានការព្យាបាលជាក់លាក់ណាមួយនោះទេ។ អ្នកជំងឺគួរពិសាទឹក ឲ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្ដៅដោយថ្នាំបញ្ចុះកំដៅ និង ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីដំបៅក្នុងមាត់។ នេះបើតាមក្រសួងសុខាភិបាល៕

Share.