សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការសាងសង់ព្រះចេតិយថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះចេតិនេះ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចចុះហត្ថលេខាកាលពី១ ខែមិថុនា និងដែលគេហទំព័រត្រយង ទទួលបាននៅថ្ងៃទី៨ ខែមិថុនា នេះ សម្ដេចក្រឡាហោម ស ខេង បានសម្រេចថាគណៈកម្មការសាងសង់ព្រះចេតិយសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត មានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញជាព្រះប្រធានកិត្តិយស។

ជាការកត់សម្គាល់ លោកជំទាវ ញ៉ែម សាខន ស ខេង គឺជាប្រធានគណៈកម្មការសាងសង់នេះតែម្ដង ដោយមានអនុប្រធាន២រូប គឺឯកឧត្តម ឈិត សុខុម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ គណៈកម្មការនេះមានសមាជិក៥រូបទៀតដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងដែលខ្លះក៏មានជំនាញស្ថាបនា និងវិស្វកម្មផងដែរ។

គណៈកម្មការនេះមានភារកិច្ចតាមដាន និងត្រួតពិនិត្យដំណើរការសាងសង់ព្រះចេតិយ រួមមានការចាប់ផ្ដើមអនុវត្តគម្រោង និងការវាយតម្លៃសំណង់ ទទួលថវិកាឧបត្ថម្ភពីសប្បុរសជននានា ធ្វើសំណើរសុំបើកថវិកាសម្រាប់ចំណាយ គ្រប់គ្រង និងផ្គត់ផ្គង់គ្រឿងសំណង់ និងរៀបចំរបាយការណ៍ស្ដីពីលទ្ធផលនៃការសាងសង់ព្រះចេតិយនេះតាមដំណាក់កាល ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថាមែនទែនទៅ ដំណើរការសាងសង់ព្រះចេតិយថ្វាយសម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បានប្រារព្ធពិធីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ចេតិយនេះ មានតួទំហំ១០ម ×១០ម កម្ពស់សរុប២៩.៥០ម, ខឿនទី១មានកំពស់៣.០៥មពីដី, តួចេតិយមានកំពស់៥.៤មពីខឿនទី១, ផ្នែកកំពូលមានកំពស់២១.០៥មពីតួចេតិយ។

ជាមួយគ្នានេះ ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល៕ 

Share.