ក្រុមបាល់ទាត់វិសាខា និងបឹងកេត រកបាន៣ពិន្ទុ ដូចគ្នាក្នុងសប្ដាហ៍ទី៤ នៃពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League 2021(MCL 2021) នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន លើ២ទីលានផ្សេងគ្នា។
ចំពោះក្រុមបាល់ទាត់បឹងកេត បានយកឈ្នះលើក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់០ លើទីលានកីឡដ្ឋាន SRU Stadium ក្នុងទីរួមខេត្តសៀមរាប។ គ្រាប់បាល់ជ័យជម្នះរបស់បឹងកេត រកបានដោយកីឡាករ ឱ ភារុណ នៅនាទីទី២ កីឡាករជនជាតិក្រូអាត Rajkovic Marko នៅនាទី ៧៦ និងកីឡាករ សៀង ចន្ធា នៅនាទី៨៤។
ចំណែកក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមអគ្គីសនីកម្ពុជា ដោយលទ្ធផល ៧ទល់០ លើទីលានក្រុមអគ្គីសនីកម្ពុជា។ គ្រាប់បាល់លើសលប់របស់វិសាខា កើតចេញពីការរបួតឱ្យបាល់ចូលទីខ្លួនឯងដោយអចេតនា របស់កីឡាករ ចិន វណ្ណៈ ខាងក្រុមអគ្គីសនី នៅនាទី៣ ហើយសមាជិកក្រុមជម្រើសជាតិកម្ពុជា កេន ច័ន្ទសុភ័ក្រ រកបានគ្រាប់បាល់២គ្រាប់ទៀតនៅនាទី៨ និង២១ ខណៈកីឡាករនីហ្សេរីយ៉ា Opeyemi Korede Ajayi រកបាន២គ្រាប់ជាបន្តនៅនាទី៥២ និង៦៥ និងចុងក្រោយសមាជិកជម្រើសជាតិកម្ពុជាមួយរូបទៀតគឺ កែវ សុខផេង រកបានគ្រាប់បាល់ចុងក្រោយ២គ្រាប់ក្នុងការប្រកួតនៅនាទី៨៣ និង៨៤។

ក្រោយចប់ការប្រកួតនេះ ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវសម្រាករហូតដល់កក្កដា ទើបចាប់ផ្ដើមប្រកួតឡើងវិញ ព្រោះក្នុងខែមិថុនា មានសកម្មភាពប្រកួតលើកឆាកអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមវិសាខា និងបឹងកេត ក្នុងពាន AFC Cup 2021៕
