សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅថ្ងៃនេះឱ្យដឹងអំពីហេតុផលនៃការសម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទសន្និបាតគណបក្សប្រជាជនកម្ពុជា។

បើតាមសម្ដេចតេជោ ការសម្រេចលើកពេលនោះ គឺដោយសារកម្មវិធីសន្និបាតគណបក្សបានត្រូវគ្នានឹងកាលបរិច្ឆេទនៃព្រះរាជកម្មវិធីព្រះមហាក្សត្រដែលព្រះអង្គស្ដេចនឹងយាងក្នុងព្រះរាជពិធីមួយនាពេលខាងមុខ។

ការបញ្ជាក់របស់សម្ដេចតេជោ គឺក្នុងឱកាសថ្លែងសំណេះសំណាលក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២របស់សលាភូមិន្ទរដ្ឋបាល។

សូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគ្រោងរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែបានជូនដំណឹងលើកទៅធ្វើនៅថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០២២វិញ។

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថាសន្និបាទគណបក្សខាងមុខនេះ គឺដើម្បីបូកសរុបបទពិសោធនៃដំណើរការបោះឆ្នោតឃុំ សង្កាត់ ឆ្ពោះទៅកាន់ការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣៕

Share.